(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រកាសបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០កេស ជូនមន្ទីរពេទ្យចំនួន២០ក្នុងរាជធានីភ្នំពេញ និងខេត្កកណ្តាល តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមជាមួយមន្ទីរពេទ្យប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកកម្ពុជាកាន់តែខ្លាំងឡើងៗ។

ក្រុមហ៊ុននឹងធ្វើការប្រគល់ទឹកបរិសុទ្ធ កម្ពុជាចំនួន១០០កេស ដល់មន្ទីរពេទ្យនីមួយៗជាបន្តបន្ទាប់ ក្នុងរយៈពេល១សប្តាហ៍។

មន្ទីរពេទ្យទាំងនោះរួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរ ពេទ្យ មិត្ត ភាព កម្ពុជា -ចិន ព្រះ កុសុមៈ, មន្ទីរពេទ្យ កុមារ ជាតិ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន, មន្ទីរពេទ្យកាល់ម៉ែត, មណ្ឌល សុខភាព ផ្សារ ដើម ថ្កូវ, មណ្ឌលសុខភាព ជ្រោយចង្វារ,មណ្ឌលសុខភាព ទួលគោក, មន្ទីពេទ្យបង្អែកចតុមុខ, មណ្ឌលសុខភាព សាមគ្គី, មណ្ឌលសុខភាព បឹងធំ, មណ្ឌលសុខភាពស្ទឹងមានជ័យ, មណ្ឌលសុខភាព ព្រៃវែង, មណ្ឌលសុខភាព ពញាពន់, មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ, មណ្ឌលសុខភាព ឃ្មួញ, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, មណ្ឌលសុខភាព ព្រែកឯង, មន្ទីរពេទ្យបង្អែកអង្គស្នួល និងមណ្ឌលសុខភាពចាក់អង្រែ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្នុងស្ថានភាពនេះ ក្រុមគ្រូពេទ្យរបស់យើងគឺកំពុងដុតដៃដុតជើងយ៉ាងខ្លាំង និងបានលះបង់ធំធេងណាស់ ដើម្បីការពារអាយុជីវីតរបស់ប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ-១៩ ដូច្នេះអ្វីដែលយើងអាចធ្វើបាន គឺផ្តល់កម្លាំងចិត្ត រំលែកការលំបាក និងកាត់បន្ថយចំណាយរបស់ពួកគាត់។ ក្រុមហ៊ុននឹងបន្តបរិច្ចាគជាហូរហែ ព្រោះទឹកបរិសុទ្ធ កម្ពុជា តែងនៅក្បែរក្រុមគ្រូពេទ្យយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។

សម្រាប់ថ្ងៃទី២០ ខែកក្កដានេះដែរ មន្ទីរពេទ្យចំនួន៥ បានទទួលទឹកបរិសុទ្ធ កម្ពុជា រួចរាល់ហើយ ដោយក្នុងនោះរួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរ ពេទ្យ មិត្ត ភាព កម្ពុជា -ចិន ព្រះ កុសុមៈ, មន្ទីរពេទ្យកាល់ម៉ែត, មណ្ឌលសុខភាពស្ទឹងមានជ័យ និងមណ្ឌល សុខភាព ផ្សារ ដើម ថ្កូវ ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៣ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដែលជាកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់មនុស្សចាស់អាយុ ៦០ឆ្នាំឡើងទៅ កំណត់ដោយរាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជារាប់ម៉ឺនកេសបន្ថែមទៀតជូនដល់ស្ថាប័នផ្សេងៗជាច្រើន៕