(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រតិកម្មទាំងយប់ទៅនឹងការប្រកួតសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា រវាងក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏ ដែលបញ្ចប់ដោយចម្រូងចម្រាសនៅល្ងាចថ្ងៃទី២០ ខែកក្កដា ស្របពេលមានមតិរិះគន់ច្រើនលើអាជ្ញាកណ្ដាលក្នុងការប្រកួតនេះផងដែរ។

ប្រតិកម្មរបស់រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាខាងលើ គឺបានស្ដែងចេញនូវការគាំទ្រទៅនឹងការលើកឡើងរបស់ប្រធានក្លិបអង្គរថាយហ្គឺរលោក Akihiro Kato ដែលបានសម្ដែងការមិនពេញចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតជាមួយណាហ្គាកាលពីល្ងាចមិញ ខណៈការប្រកួតបានបញ្ចប់ដោយណាហ្គា យកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-១។

បុរសជនជាតិជប៉ុន លោក Akihiro Kato បានបង្ហាញចម្ងល់លើបណ្ដាញសង្គម ភ្ជាប់ជាមួយវីដេអូខ្លីមួយថា «រហូតមកដល់ពេលនេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លឹបជប៉ុន?»។ ការលើកឡើងនេះ បន្ទាប់ពីលោកមិនពេញចិត្តគ្រាប់បាល់ ដែលតែតបញ្ចូលទីដោយកីឡាករ Da Cruz នៅនាទី៥៤ តែបែរជាអាជ្ញាកណ្ដាលមិនឲ្យទៅវិញ។

ជុំវិញរឿងនេះ លោក ស សុខា បាននិយាយថា «ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ។ ១៖ រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ។ ២៖ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលានយល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុង១ឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ»

ស្ថាបនិកក្លិបបាល់ទាត់វិសាខាដដែលបន្ដថា «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ (Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជាអស់ជាច្រើនឆ្នាំមកនេះ»

គួរដឹងថា ជំនួបរវាងក្រុមខ្លាំងខាងលើកាលពីល្ងាចមិញ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ខណៈចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាយ៉ាងខ្លាំង ហើយក៏មានការប៉ះទង្គិចគ្នាច្រើនដែរ រហូតត្រូវបានអាជ្ញាកណ្ដាល លោក ឃិន ឧសីហា ចាយកាតលឿងអស់ចំនួន ៧ និងកាតក្រហមចំនួន២ ឯណោះ ពោលគឺខ្សែការពារ ២រូបរបស់អង្គរថាយហ្គឺរ ដែលត្រូវបានបណ្ដេញចេញពីទីលាននៅចុងម៉ោង រួមមានកីឡាករ ស្រាំង ទិត្យឈី នៅនាទី៧៩ និងកីឡាករ ឈង់ ប៊ុនណាត នៅនាទី៨៧ ។

អ្វីដែលធ្វើឲ្យម្ចាស់ក្លិប កីឡាករ និងអ្នកគាំទ្រមិនអស់ចិត្ត រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង មិនត្រឹមតែគ្រាប់បាល់តែតបញ្ចូលទីរបស់ Da Cruz ហើយត្រូវបានអាជ្ញាកណ្ដាលមិនឲ្យក្រោមលក្ខខណ្ឌបាល់ខុសលក្ខខណ្ឌនោះទេ សូម្បីការផ្ដល់បាល់ពិន័យ ១១ម៉ែត្រដល់ក្រុមណាហ្គាវើលដ៏ ដោយហេតុផលបាល់ប៉ះដៃ ស្រាំង ទិត្យឈី ក្នុងប្រអប់គ្រោះថ្នាក់ នៅនាទី៧២ ក៏ជាប្រធានបទក្ដៅផងដែរ ដ្បិតសាមីខ្លួនបានចេញមុខអះអាងថា មិនបានប៉ះដៃនោះទេ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតដ៏ចម្រូវចម្រាសនេះ ក្រុមណាហ្គាវើលដ៏ បានឡើងទៅឈរលេខរៀងទី៣ បណ្ដោះអាសន្ន ដោយមាន ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតបាន ៨លើកឈ្នះ ៥ ស្មើ ២ និងចាញ់ ១ ខណៈក្រុមអង្គរថាយហ្គឺរ ទោះបីរបូត ៣ពិន្ទុ តែពួកគេបានបន្ដឈរកំពូលតារាង គ្រាន់តែកាត់បន្ថយគម្លាតពិន្ទុពីគូប្រជែង បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ ៦ ស្មើ ១ និងចាញ់ ២ រកបាន ១៩ពិន្ទុក្នុងដៃ៕