(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងភរិយា ហេង សុខា ព្រមទាំងក្រុមគ្រួសារ មានសទ្ធាជ្រះថ្លា ក្នុងការសាងសង់ «ពុទ្ធមណ្ឌលវិបស្សនាជាតិ-អន្តរជាតិ» ស្ថិតក្នុងខេត្តសៀមរាប ដែលទទួលបានការអនុញ្ញាត ឱ្យរចនាប្លង់មេប្រកបដោយ សោភ័ណភាព និងរបៀបរៀបរយ គួរជាទីកន្លែងជ្រះថ្លា របស់ពុទ្ធសាសនិកជាតិ-អន្តរជាតិ” ពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ។

ដើម្បីផ្តល់ឱកាសដល់ក្រុមនិស្សិត ដែលកំពុងសិក្សាលើជំនាញស្ថាបត្យកម្ម និងវិចិត្រសិល្បៈ បានបញ្ចេញសមត្ថភាព និងទេពកោសល្យរចនាប្លង់មេ លោកឧកញ៉ា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា «គណៈកម្មការវាយតម្លៃ វិនិច្ឆ័យស្នាដៃស្ថាបត្យកម្ម» ដឹកនាំដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ នឹងធ្វើការប្រកួតជ្រើសរើសបេក្ខជន ជ័យលាភីស្នាដៃ ផ្នែករចនាប្លង់មេ (Master Plan) នៃ «ពុទ្ធមណ្ឌលវិបស្សនាជាតិ-អន្តរជាតិ» ចំនួន០៣ក្រុម បានទទួលនូវរង្វាន់លើកទឹកចិត្ត តាមចំណាត់ថ្នាក់នីមួយៗ មានដូចខាងក្រោម៖

*ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ៨០លានរៀល (=២០.០០០ ដុល្លារអាមេរិក)
*ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន ៤០លានរៀល (=១០.០០០ ដុល្លារអាមេរិក)
*ជ័យលាភីចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន ២០លានរៀល (=៥.០០០ ដុល្លារអាមេរិក)
ម៉្យាងទៀត ចំពោះបេក្ខភាពដែលមិនទទួលបានជ័យលាភី ក៏ក្មួយៗទទួលបាននូវកុសលផលបុណ្យពីការចូលរួមរៀបចំរចនាប្លង់មេ (Master Plan) នេះដែរ។

*លក្ខខណ្ឌនៃការជ្រើសរើស៖

*ទី១៖ ក្រុមនិស្សិតកំពុងសិក្សា ឬក្រុមនិស្សិតកំពុងបំពេញកម្មសិក្សា ឬក្រុមនិស្សិតត្រៀមប្រឡងបញ្ចប់ដែលមានគំនិតច្នៃប្រឌិត ទេពកោសល្យ តាមបែបព្រះពុទ្ធសាសនា បុរាណវិទ្យា នៅតាមសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សាសាធារណៈនានា។
*ទី២៖ ក្រុមនិស្សិតបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងវិចិត្រសិល្បៈត្រឹមរយៈពេល១ឆ្នាំ។

*កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
*ការប្រកួតនេះមានរយៈពេល ០៣ខែ ក្រោយចប់កាលបរិច្ឆេទទទួលពាក្យ។

សំរាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងលោក មាស វិរីយ៉ា Tel: 015 782 178 (Telegram, WhatsApp), លោក កែវ សូថា Tel: 015 878 878 (Telegram, WhatsApp) ឬតាមរយៈ Facebook របស់លោកឧកញ៉ាតែម្តង «Ing Bun Hoaw» ។ ក្រុមនិស្សិតដែលមានបំណងចូលរួមប្រកួតជ្រើសរើសស្នាដៃ សូមដាក់ពាក្យដោយភ្ជាប់មកជាមួយ CV៕