(ពិភពលោក)៖ នៅជុំវិញពិភពលោក មានកោះមួយចំនួនប៉ុណ្ណោះ ដែលមានទំហំធំៗខ្លាំង ខណៈកោះជាច្រើនក៏ជាប្រទេសផងដែរ។ សម្រាប់ប្រទេសអូស្រ្តាលី បើតាមនិយមន័យ គឺអាចចាត់ទុកជាដីកោះដ៏ធំសម្បើមមួយ ដោយសារវាមិនជាប់នឹងដែនដីណាផ្សេងឡើយ ក៏ប៉ុន្តែជាទូទៅអូស្រ្តាលីត្រូវបានចាត់ទុកជាទ្វីប។ ក្នុងចំណោមទ្វីបទាំង ៧ នៅលើផែនដី អូស្រ្តាលីមានទំហំតូចជាងគេបំផុត គឺ ៧.៦៩ លានគីឡូម៉ែត្រក្រឡា តែបើចាត់ទុកជាកោះ នោះវាជាកោះធំបំផុតដាច់គេលើលោក។

ខាងក្រោមនេះ គឺជាដីកោះធំៗបំផុតទាំង ១០ ដោយមិនរាប់បញ្ចូលអូស្រ្តាលី៖

១០៖ កោះអេល្លេស្មៀ (Ellesmere)

កោះអេល្លេស្មៀ គឺជាកោះធំជាងគេទី៣ របស់ប្រទេសកាណាដា និងធំបំផុតទី១០ នៅលើពិភពលោក។ វាស្ថិតនៅចុងភាគខាងជើងបង្អស់នៃដែនដីរបស់កាណាដា ជាប់មហាសមុទ្រទឹកកកអាក់ទិក ហើយក្បែរប៉ូលខាងជើងទៀតផង ដែលជាហេតុធ្វើឲ្យអាកាសធាតុនៅទីនោះត្រជាក់ខ្លាំងជាទីបំផុត។ ផ្ទៃដីកោះនេះមានទំហំ ១៩៦,២៣៥ គីឡូម៉ែត្រក្រឡា។

៩៖ កោះហ្រ្គេតប្រ៊ីតធែន (Great Britain)

កោះហ្រ្គេតប៊្រីតធែន ស្ថិតនៅក្បែរឆ្នេរភាគពាយព្យនៃទ្វីបអឺរ៉ុប លើមហាសមុទ្រអាត្លង់ទិក។ វាជាកោះធំជាងគេរបស់ចក្រភពអង់គ្លេស ដែលរួមមានប្រទេសអង់គ្លេស ស្កុតលែន វែលស៍ ខណៈនៅក្បែរគ្នានោះ គឺកោះអៀរឡង់ ដែលដែនដី ១/៦ នៅឯភាគខាងជើង គឺជាផ្នែករបស់ចក្រភពអង់គ្លេស។ កោះហ្រ្គេតប្រ៊ីតធែន ជាកោះធំជាងគេនៅអឺរ៉ុប និងលំដាប់ទី៩ នៅលើពិភពលោក ជាមួយផ្ទៃដី ២០៩,៣៣១ គីឡូម៉ែត្រក្រឡា។

៨៖ កោះវិចតូរៀ (Victoria)

កោះវិចតូរៀ ជាកោះធំបំផុតលំដាប់ទី២ របស់ប្រទេសកាណាដា និងធំទី៨ នៅលើពិភពលោក។ វាស្ថិតនៅភាគខាងជើងកាណាដា ប៉ុន្តែមិននៅចុងបង្អស់ដូចកោះអេល្លេស្មៀនោះទេ។ កោះនេះមានផ្ទៃដីទំហំ ២១៧,២៩១ គីឡូម៉ែត្រក្រឡា។

៧៖ កោះហុងស៊ូ (Honshu)

កោះហុងស៊ូ គឺជាកោះធំជាងគេក្នុងចំណោមកោះធំៗទាំង៤ របស់ប្រទេសជប៉ុន ហើយវាស្ថិតនៅភាគកណ្តាលប្រទេស។ កោះហុងស៊ូនេះហើយ ជាកន្លែងដែលភ្នំខ្ពស់បំផុត ព្រមទាំងបឹងធំបំផុតរបស់ជប៉ុន ស្ថិតនៅភ្នំហ៊្វូជី (Fuji) និងបឹងប៊ីវ៉ា (Biwa)។ ក្នុងនាមជាកោះធំទី៧ នៅលើលោក ខណៈផ្ទៃដីកោះនេះមានទំហំ ២២៧,៩៦០ គីឡូម៉ែត្រក្រឡា។

៦៖ កោះស៊ូម៉ាត្រា (Sumatra)

កោះស៊ូម៉ាត្រា គឺជាកោះធំជាងគេរបស់ប្រទេសឥណ្ឌូណេស៉ី ខណៈទឹកដីឥណ្ឌូណេស៉ីក៏ស្ថិតនៅលើកោះធំជាងនេះដែរ ប៉ុន្តែត្រូវបែងចែងជាមួយប្រទេសដទៃទៀត។ វាស្ថិតនៅភាគខាងលិចឥណ្ឌូណេស៉ី និងមានទំហំផ្ទៃដី ៤៧៣,៤៨១ គីឡូម៉ែត្រក្រឡា ជាប់ឈ្មោះជាកោះធំជាងគេទី៦ នៅលើពិភពលោក។

៥៖ កោះបាហ្វហ្វីន (Baffin)

កោះបាហ្វហ្វីន ស្ថិតនៅភាគខាងជើងកាណាដា និងជាកោះធំបំផុតរបស់ប្រទេសនេះ។ កោះបាហ្វហ្វីន ព្រមទាំងកោះវិចតូរៀ និងកោះអេល្លេស្មៀ ដែលជាកោះធំៗបំផុតទាំង៣ របស់កាណាដា សុទ្ធតែមានមនុស្សស្ថិតនៅក្នុងចំនួនតិចតួចប៉ុណ្ណោះ ក៏ព្រោះតែអាកាសធាតុត្រជាក់ខ្លាំង។ កោះបាហ្វហ្វីនមានផ្ទៃដីទំហំ ៥០៧,៤៥១ គីឡូម៉ែត្រក្រឡា ដែលនាំឲ្យវាជាប់ជាកោះធំបំផុតទី៥ លើលោក។

៤៖ កោះម៉ាដាហ្កាស្កា (Madagascar)

កោះម៉ាដាហ្កាស្កា គឺជាកោះដ៏ធំមួយនៅលើមហាសមុទ្រឥណ្ឌា មានចម្ងាយប្រមាណជា ៤០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសម៉ូសំប៊ិក នៅតំបន់អាហ្រ្វិកខាងកើត។ កោះនេះក៏ជាប្រទេសដែលមានអធិបតេយ្យពេញលេញផងដែរ គឺប្រទេសម៉ាដាហ្កាស្កា។ ម៉ាដាហ្កាស្កាមានផ្ទៃដីទំហំ ៥៩២,៨០០ គីឡូម៉ែត្រក្រឡា ឈរនៅលេខរៀងទី៤ លើពិភពលោក។

៣៖ កោះប័រណេអូ (Borneo)

កោះប័រណេអូ គឺជាកោះធំជាងគេនៅអាស៉ី និងជាប់លំដាប់ទី៣ នៅលើពិភពលោក ជាមួយផ្ទៃដីទំហំ ៧៤៣,៣៣០ គីឡូម៉ែត្រក្រឡា។ កោះធំនេះត្រូវបានបែងចែករវាងប្រទេសចំនួន ៣ ក្នុងនោះផ្នែកធំជាងគេនៅភាគខាងត្បូងប្រហែល ៧៣ ភាគរយ ជារបស់ឥណ្ឌូណេស៉ី ខណៈផ្នែកខាងជើងប្រមាណ ២៦ ភាគរយ ជារបស់ប្រទេសម៉ាឡេស៉ី និង ១ ភាគរយជាប្រទេសព្រុយណេ។

២៖ កោះញូហ្គីណេ (New Guinea)

កោះញូហ្គីណេ គឺជាកោះធំជាងគេទី២ នៅលើពិភពលោក ដែលមានទំហំ ៧៨៥,៧៥៣ គីឡូម៉ែត្រក្រឡា និងស្ថិតនៅភាគខាងជើងប្រទេសអូស្រ្តាលី។ ដែនដីកោះនេះទាំងមូលត្រូវបានពុះចែកជាពីរ ដោយផ្នែកខាងកើតជាប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ ដែលមានអធិបតេយ្យពេញលេញ ខណៈផ្នែកខាងលិចជាដែនដីនៅចុងភាគខាងកើតរបស់ប្រទេសឥណ្ឌូណេស៉ី ក្រោមឈ្មោះជាខេត្តប៉ាពូ និងខេត្តប៉ាពូខាងលិច។

១៖ កោះហ្រ្គីនលែន (Greenland)

កោះហ្រ្គីនលែន គឺជាកោះធំជាងគេបង្អស់នៅលើផែនដី ជាមួយផ្ទៃដីសរុបទំហំ ២,១៦៦,០៨៦ គីឡូម៉ែត្រក្រឡា។ វាស្ថិតនៅក្បែរប៉ូលខាងជើងកៀកនឹងប្រទេសកាណាដា ប៉ុន្តែជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។ ផ្ទៃកោះហ្រ្គីនជាង ៨០ ភាគរយ គ្របដណ្តប់ដោយព្រិលទឹកកក និងមានមនុស្សរស់នៅប្រហែលជាង ៥០,០០០ នាក់ ដែលភាគច្រើនជាជនជាតិភាគតិចហៅថា Inuit (អ៉ីណួត)៕