(ចិន)៖ តារាសម្តែង និងជាតារាចម្រៀងជនជាតិចិន-កាដាណា ដែលមានភាពល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ ប៉ុន្មានថ្ងៃមកនេះ មានពាក្យចចាមអារ៉ាមជាច្រើន កាន់តែរីកសាយភាយលើបណ្តាញសង្គម ដោយមានក្មេងស្រីម្នាក់បានចោទ តារាប្រុសរូបនេះថា បានលួងលោមរូបនាងនិងក្មេងស្រីផ្សេងទៀត ភាគច្រើនជាអនីតិជន ដើម្បីរួមភេទ។ និយាយរួម រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ មានក្រុមហ៊ុនល្បីៗជាច្រើន បានផ្តាច់កិច្ចសន្យារការងារជាមួយតារារូបនេះ ហើយបើតាមការប៉ានស្មានគឺ Kris Wu ខាត់បង់ប្រាក់ចំណូលប្រមាណ ៧៧លានដុល្លារឯណោះ ក្រោយពាក្យចចាមអារ៉ាមនេះ បានរីកសុះសាយឡើង។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Globle Time នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់ម៉ាកផលិត និងក្រុមហ៊ុនល្បីៗលំដាប់ពិភពលោកចំនួន១៥ រួមមានម៉ាករថយន្តល្បី Porsche, ក្រុមហ៊ុនផ្តល់សេវាកម្ម Video Streaming របស់ចិន Tencent, ម៉ាកផលិតផល LV និងម៉ាកជាច្រើនទៀត ដែលបានជួលតារារូបនេះតំណាងម៉ាកផលិតផលរបស់ខ្លួន បានផ្តាច់កុងត្រា មុនកាលកំណត់ភ្លាមៗ ដោយសារតែមានភាពចចាមអារ៉ាមផ្លូវភេទរបស់លោកជាមួយក្មេងស្រីៗ បានរីកសុះសាយឡើង លើបណ្តាញសង្គមចិន Weibo និងលើប្រពន្ធផ្សព្វផ្សាយនានាកាន់តែខ្លាំងឡើង។
បើតាមប្រភពបានឲ្យដឹងថា បន្ទាប់ពីមានរឿងអាស្រូវខាងលើនេះ Kris Wu បានបាត់បង់ប្រាក់ចំណូលប្រមាណ៧៧លានដុល្លារអាមេរិក។
គួរជម្រាបថា នៅលើបណ្តាញសង្គម នារីម្នាក់ឈ្មោះ Du Meizhu បាននិយាយថា Kris Wu បានប្រើប្រាស់វិធីរើសក្មេងស្រីស្អាតៗដែលជា fan របស់ខ្លួន ហើយប្រាប់ពួកគេថាដើម្បីធ្វើកម្មវិធី fan meeting រួចនាំទៅបន្ទប់សណ្ឋាគាររបស់ Kris បន្ទាប់មកប្រើលុយ ៧៧១៧០ ដុល្លារ ដើម្បីឲ្យបំបិទមាត់នាង ។ នាងថា តារាចម្រៀងរូបនេះ បានរំលោភនាង ពេលនាងមានអាយុ១៧ឆ្នាំ និងក្មេងស្រីផ្សេងទៀត ដែលភាគច្រើនជាអនីតិជន។ យ៉ាងណាមិញ ជុំវិញភាពចម្រូងសម្រាស់ទាំងនេះ តារាចម្រៀង Kris Wu បានចេញមុខមកបដិសេដផងដែរ៕