(ចិន)៖ ក្រុមហ៊ុនល្បីៗ និងធំៗរបស់ចិនមួយចំនួននៅពេលនេះត្រូវបាននិយ័តករចិនហោះហៅឱ្យចូលទៅបំភ្លឺពាក់ព័ន្ធការបង្ហោះវេទិកា រំលោភបំពានរូបរាងកាយ និងផ្លូវភេទលើកុមារ ខណ:ដែលពិភពលោកកំពុងតែយកចិត្តទុកដាក់លើសកម្មភាពរំលោភបំពាន រូបរាង និងផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កាលរិយាល័យប្រឆាំងបទល្មើស អនឡាញរបស់ចិន (CAC) បានហោះហៅក្រុមហ៊ុនផ្ដល់សេវាកម្មតាមរយ:វីដេអូកម្សាន្តខ្លី Kuaishou, កម្មវិធីផ្ញើសារ QQ របស់ ក្រុមហ៊ុន Tencent, ក្រុមហ៊ុនលក់ទំនិញអនឡាញ Taobao របស់ Alibaba និងបណ្ដាញសង្គមដ៏ល្បីរបស់ចិន Weibo ទៅបំភ្លឺពាក់ព័ន្ធនឹងករណី ខាងលើ។

ក្រៅពីហោះហៅមកបំភ្លឺហើយនោះ CAC បានបញ្ជាឱ្យក្រុមហ៊ុនទាំងប៉ុន្មានដែលមានឈ្មោះនៅក្នុងតារាងឱ្យធ្វើការ លុបសម្អាតចោល មាតិកាពាក់ព័ន្ធនឹងរំលោភបំពាន ដល់កុមារ ហើយបានបញ្ជាក់ថានឹងអនុវត្តតាមវិធានការច្បាប់ដែលបានកំណត់ថែមទៀតផង បើសិនជា ក្រុមហ៊ុនទាំងនោះមិនព្រមធ្វើតាមការបញ្ជា ឬក៏មានការយឺតយ៉ាវ៕