(កូរ៉េ)៖ នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមចម្រៀងល្បី BTS ត្រូវបានអញ្ជើញ ក៏ដូចជាតែងតាំង ឲ្យចូលរួមក្នុងកម្មវិធីធំៗ ជាមួយបណ្តាប្រទេសជាច្រើនលើពិភពលោក ក្នុងនាមតំណាងឲ្យយុវជន ជំនាន់ក្រោយរបស់កូរ៉េខាងត្បូង មានសេចក្តីរាយការណ៍ថា ក្រុមចម្រៀងល្បីដែលមានសមាជិក៧រូប BTS និងមានវត្តមាន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In ដើម្បីចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន K Star Live នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យវិមានប្រធានាធិបតី កូរ៉េខាងត្បូង Blue House បានឲ្យដឹងថា BTS ត្រូវបានតែងតាំងជាក្រុមបេសកជនពិសេស តំណាងឲ្យភាពរីកចម្រើន និងវប្បធម៌របស់កូរ៉េខាងត្បូង ដើម្បីជួយបង្កើនភាពខ្លាំងនៃការទូត ព្រមទាំងឥទ្ធិពលរបស់ប្រទេសអាស៊ីបូព៌ានេះ នៅលើសកលលោក ចំពេលដែលឋានៈរបស់កូរ៉េខាងត្បូង នៅក្នុងសហគមន៍អន្តរជាតិ កំពុងតែមានការទទួលស្គាល់ខ្លាំងឡើងៗ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមចម្រៀងល្បីឈ្មោះ BTS ត្រូវបានតែងតាំងសម្រាប់តួនាទីធំៗ តំណាងឲ្យប្រទេសកូរ៉េបែបនេះ ខណៈការតែងតាំងនេះ គឺស្របពេលដែលក្រុមនេះ មាន ឥទ្ធិពលខ្លាំងនៅលើពិភពលោក តាមរយៈស្នាដៃចម្រៀងបន្តបន្ទាប់របស់ពួកគេ ជាពិសេសពួកគេជាផ្នែកមួយ ក្នុងការបញ្ជ្រាបសារនៃក្ដីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រ ទូទាំងពិភពលោក៕