(តូក្យូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីស៊ុយអែត បានបញ្ចប់កំណត់ត្រាលេងមិនចាញ់ចំនួន ៤៤ប្រកួតរបស់ស្រ្តីអាមេរិកបានហើយ នៅពេលយកឈ្នះក្នុងលទ្ធផល ៣ទល់នឹង០ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ Tokyo Olympic Games 2020។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន ដែលស្ថិតក្នុងទីក្រុង Tokyo នាថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ មុនពិធីបើកឆាកជាផ្លូវការធ្វើនៅថ្ងៃទី២៣ ខែកក្កដានោះ មានកីឡាករបាល់គប់ (softball) និងកីឡាបាល់ទាត់បានចាប់ផ្តើមមុនគេ ដោយសារមានច្រើនប្រកួត និងវិញ្ញាសា។

តែយ៉ាងណា កីឡាការិនីខ្សែប្រយុទ្ធ Stina Blackstenius រកបាន ២គ្រាប់ម្នាក់មុនឯង នៅពេលមិត្តរួមជាតិ Lina Hurtig ដែលត្រូវបានប្តូរចូលនោះ ក៏រកបានគ្រាប់ទី៣ សម្រាប់ជ័យជម្នះដ៏កក់ក្តៅផងដែរ ក្នុងនាមជាក្រុមឈ្នះមេដាយប្រាក់កាលពី Rio Olympic Games ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល គ្រាដែលម្ចាស់មេដាយមេដាយមាសកាលពី ៥ឆ្នាំមុនស្រ្តីអាល្លឺម៉ង់បានជម្រុះធ្លាក់។

កីឡាការិនីខ្សែប្រយុទ្ធសំខាន់អាមេរិក Megan Rapinoe បាននិយាយក្រោយចប់ការប្រកួតថា «ពួកយើងមានអារម្មណ៍មិនទាន់មូលនៅឡើយទេ ដែលជាហេតុធ្វើឲ្យចាញ់ការប្រកួតបើកឆាកទល់នឹងស៊ុយអែតបែបនេះ ក្នុងព្រឹត្តិការណ៍អូឡាំពិក»

សម្រាប់ឯលទ្ធផលនៃគូផ្សេងទៀតដែលធ្វើការប្រកួតនៅថ្ងៃពុធ ទី២១ ខែកក្កដាយប់មិញទៀតរួមមាន៖
ពូល E
ស្រ្តអង់គ្លេស ២-០ ស្រ្តីឈីលី
ស្រ្តីជប៉ុន ១-១ ស្រ្តីកាណាដា
ពូល F
ស្រ្តីចិន ០-៥ ស្រ្តីប្រេស៊ីល
ស្រ្តីហ្សំប៊ី ៣-១០ ស្រ្តីហូឡង់
ពូល G
ស្រ្តីស៊ុយអែត ៣-០ ស្រ្តីអាមេរិក
ស្រ្តីអូស្ត្រាលី ២-១ស្រ្តីណូវែលហ្សេឡង់៕