(អាមេរិក)៖ បុរសចក្រភពអង់គ្លេសម្នាក់ វ័យ ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធម្សិលមិញនេះ ពាក់ព័ន្ធករណី Hack គណនីអ្នកនយោបាយជាន់ខ្ពស់ និងជនល្បីៗជាច្រើនលើបណ្ដាញសង្គម Twitter កាលពីកក្កដា ឆ្នាំ២០២០។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

banner

នាយកដ្ឋានយុត្តិធម៌អាមេរិកបានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះថា Joseph James O'Connor ត្រូវបានចោទប្រកាន់ ជាច្រើនករណី ដោយក្នុងនោះករណីធំជាងគេគឺ Hack ទៅលើបណ្ដាញសង្គមរបស់អ្នកនយោបាយជាន់ខ្ពស់ និងបានប្រព្រឹត្តបទឧក្រិដ្ឋកម្មតាមអនឡាញ ជាច្រើនទៀត។

បុរសវ័យក្មេងរូបនេះ ក៏ជា Hacker មួយរូបដែលមានជំនាញផងដែរ កន្លងមកបាន Hack ទៅលើគណនីអ្នកប្រើប្រាស់ TikTok និង Snapchat និងបានរំលោភបំពានផ្លូវភេទលើក្មេងស្រីម្នាក់អាយុ ១៦ឆ្នាំទៀតផង។

នាយកដ្ឋានយុត្តិធម៌អាមេរិក បានបញ្ជាក់បន្ថែមទៀតថា មានបុរសជនជាតិអង់គ្លេសមួយចំនួនទៀតត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណី Hack បណ្ដាញសង្គម Twitter កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ និងករណី Hack ផ្សេងៗទៀត ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណឡើយ។

ក្រុម Hacker វ័យក្មេងរបស់អង់គ្លេសនេះ គឺមានពាក់ព័ន្ធនឹងករណី Hack គណនីរបស់លោក Joe Biden, Elon Musk Barack Obama, Kim Kardashian, Bill Gates, Warren Buffett, Benjamin Netanyahu, Jeff Bezos, Michael Bloomberg និង Kayne West នៅលើបណ្ដាញសង្គម Twitter ៕