(តូក្យូ)៖ ផ្នែកកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសគេលេងឈុតយុវជនអាយុក្រោម ២៣ឆ្នាំ (U23) តែក្នុងនោះក៏អនុញ្ញាតកីឡាករលើសអាយុ ៣នាក់ផងដែរក្នុង ១ក្រុមដើម្បីនាំលេងនៅក្នុងព្រឹត្តិការណ៍ចម្រុះ អូឡាំពិកលេងរៀងរាល់ ៤ឆ្នាំម្តងនេះ។

តួយ៉ាង កីឡាករបាល់ទាត់ U23 និងលើសអាយុមួយចំនួនក៏បានត្រៀមបង្ហាញខ្លួននៅ Tokyo Olympic Games 2020 លើកទី៣២ ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុទាំង ៤ពូលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា មុនពិធីបើក Olympic នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ។

សម្រាប់ក្រុមប្រេស៊ីល ដែលមានកីឡាករសល់ពីកាលឈ្នះមេដាយមាសក្នុងទឹកដី ៤នាក់ផងដែរត្រៀមបង្ហាញខ្លួននៅ Olympic 2020 នេះរួមមាន Gabriel Martinelli, Reinier, Recharlison និង Douglas Luiz គ្រាដែលក្រុមអេស្ប៉ាញវិញមានតារាឆ្នើមដល់ទៅ ៩នាក់រួមមាន Pedri, Mikel Oyarzabal, Dani Olmo, Unai Simon, Eric Garcia, Pau Torres, Dani Ceballos, Mikel Merino និង Marco Asensio។

ចំណែកឯក្រុមកូឌីវ័រវិញមានកីឡាករសំខាន់តែ ២រូបគត់គឺខ្សែប្រយុទ្ធ Amad Diallo ដែលកំពុងលេងឲ្យក្លិបអាជីពបិសាចក្រហម Manchester United និងខ្សែការពារ Eric Bailly នៅពេលដែលក្រុមជម្រើសជាតិ U23 ណូវែលហ្សេឡង់មានកីឡាករ Chris Wood មកពីក្លិប Burnley និង Winson Reid មកពីក្លិប Brentford ដែលត្រូវបានខ្ចីជើងពីក្លិបរួម Premier League, West Ham United។

សម្រាប់ឯកក្រុមសាម៉ូរៃខៀវជប៉ុនដែលជាម្ចាស់ផ្ទះវិញ មានខ្សែប្រយុទ្ធវ័យក្មេង Takefusa Kubo មកពីក្លិប Real Madrid ដែលជាកីឡាករសំខាន់តែ ១រូបគត់ក្នុងក្រុម នៅពេលបារាំងមានកីឡាករ Eduardo Camavinga, Andre Pierre-Gignac, Florian Thauvin នៅពេលដែលកីឡាករ Maximilian Arnold និង Max Kruse ក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិអាល្លឹម៉ង់ ដែលជាក្រុមឈ្នះមេដាយប្រាក់កាល ៥ឆ្នាំមុននៅប្រទេសប្រេស៊ីល ក្រោយចាញ់ម្ចាស់ផ្ទះដោយបាល់ ១១ម៉ែត្រកាត់សេចក្តី៕