(សៀមរាប)៖ ក្នុងរយៈពេលបីសប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន ៣ នៅពេញល្អ ឯក្បាល ៣ ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះដងខ្លួនអសុរៈបានរកឃើញចំនួន ៤។ រីឯព្រះសិរទេវតាបានរកឃើញចំនួន ៣ ក្នុងនោះចំនួន ២ នៅពេញល្អ និង ១ ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ត្រូវបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕