(តូក្យូ)៖ គណៈកម្មាធិការរៀបចំការប្រកួតកីឡាចម្រុះ Tokyo Olympic Games 2020 បានប្រជុំសម្រេចដកតំណែងលោក Kentaro Kobayashi ដែលត្រូវបានតែងតាំងឲ្យដឹកនាំពិធីបើកការប្រកួតអូឡាំពិក លើកទី៣២ នេះ ដោយសារតែរឿងកំប្លែងបែប Holocaust កាលពីឆ្នាំ១៩៩៨ របស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ ABC news នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

banner

លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំ Tokyo Olympic 2020 បានថ្លែង ១ថ្ងៃមុនពិធីបើកត្រូវបានធ្វើឡើងថា លោក Kentaro Kobayashi ដែលជាប្រធានពិធីបើកកម្មវិធី ៤ឆ្នាំម្តងនោះ ត្រូវបានដកតំណែងនៅថ្ងៃព្រហស្បតិ៍នេះ ក៏ព្រោះតែគាត់ត្រូវបានគេរកឃើញថា មានសកម្មភាពបែបចំអកក្នុងកំប្លែងរបស់គាត់ រួមទាំងឃ្លាថា «អូឡាំពិកលើកនេះ ប្រកបដោយហានិភ័យ» ទៀតផង។

លោកស្រី Seiko Hashimoto បានថ្លែងថា «យើងបានរកឃើញថា លោក Kobayashi នៅក្នុងការសំដែងផ្ទាល់របស់គាត់ បានប្រើឃ្លាមើលងាយសោកនាដកម្មជាប្រវត្តិសាស្ត្រ។ យើងក៏សូមអភ័យទោសផងដែរចំពោះបញ្ហាដែលបានកើតឡើង មុន១ថ្ងៃពិធីបើកអូឡាំពិកត្រូវបានធ្វើឡើង ដែលជាកង្វល់ដល់ភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាជននៅទីក្រុងតូក្យូ និងប្រទេសដទៃទៀត»

គួរបញ្ជាក់ផងថា ពិធីបើកការប្រកួតអូឡាំពិករដូវក្តៅ ឆ្នាំ២០២០ លើកទី៣២ នេះ ត្រូវបានពន្យារពេល ១ឆ្នាំដោយសារការឆ្លងរាលដាលនៃជំងឺ COVID-19 ពាសពេញពិភពលោក នឹងបើកសម្ពោធជាផ្លូវការនៅរាត្រីសុក្រស្អែកនេះ ដោយគ្មានអ្នកទស្សនាចូលរួមនោះទេ ដើម្បីចៀសវាងការរីករាលដាលវីរ៉ុសនេះ ដោយមានតែមន្ត្រីកីឡា កីឡាករ-កីឡាការិនី គ្រូបង្វឹក និងអ្នកសារព័ត៌មានប៉ុណ្ណោះ។

តែយ៉ាងណាមុនពិធីបើកសម្ពោធត្រូវបានធ្វើឡើងនោះ មានកីឡា ២ប្រភេទក្នុងចំណោម ៣៣កីឡានោះ បានធ្វើការប្រកួត ១ថ្ងៃរួចទៅហើយនោះគឺ កីឡា Softball និងបាល់ទាត់នារី ខណៈការប្រកួតបាល់ទាត់ វិញ្ញាសាផ្នែកបុរស ក៏ត្រូវចាប់ផ្តើមប្រកួតសន្សំពិន្ទុទាំង ៤ពូលផងដែរ៕