(ភ្នំពេញ)៖ ថ្មីៗនេះលេចធ្លាយដំណឹងមកថា ផលិតកម្ម «Galaxy Navatra» ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ កំពុងតែបញ្ជាទិញ Robot មួយគ្រឿងពីប្រទេសអាឡឺម៉ង់ ដើម្បីជួយសម្រួលដល់សង្វាក់ផលិតកម្ម ក្នុងការផលិតបទចម្រៀង ចរាចរនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ទោះបីជាមួយរយៈចុងក្រោយនេះ ផលិតកម្មហាក់ស្ងប់ស្ងាត់ ក្នុងការបញ្ចេញបទចម្រៀងថ្មីៗក្ដី។

banner

អាចនិយាយបានថា នេះជាករណីទី១ហើយ នៅក្នុងប្រទេសកម្ពុជា ដែលនៅក្នុងផលិតកម្មចម្រៀងមាន Robot ជួយសម្រួលដល់ការងារផលិតបទចម្រៀង ខណៈដែលកន្លងមក មានផលិតកម្មល្បីៗ ក្នុងស្រុកជាច្រើន ពុំទាន់មានព័ត៌មានបែបនេះឡើយ ពោលគឺមហាជនធ្លាប់តែឃើញ នៅបណ្ដាប្រទេសជឿនលឿនខាងបច្ចេកវិទ្យា ដូចជាជប៉ុន អាមេរិក និងអាឡឺម៉ង់ជាដើម ហើយភាគច្រើន គេប្រើនៅក្នុងឧស្សាហកម្មភាពយន្តហូលីវូដ និងក្នុងស្ទូឌីយោធំៗលំដាប់អន្តរជាតិ។

យោងតាមប្រភពព័ត៌មាន ទម្លាយចេញពីផលិតកម្ម «Galaxy Navatra» បានឲ្យ Fresh News Plus ដឹងថា Robot ដែលផលិតកម្ម Galaxy បានបញ្ជាទិញនោះ គឺជាប្រភេទដៃយន្ត ហើយនឹងត្រូវដាក់បញ្ចូល ទៅក្នុងសង្វាក់ផលិតកម្ម ក្នុងន័យផលិតបទចម្រៀងរបស់ខ្លួន ដើម្បីធានាគុណភាព, ប្រសិទ្ធភាព និងសម្រួលដល់ការងារជាច្រើនទៀត ពាក់ព័ន្ធនឹងផ្នែកតន្រ្តីក្នុងស្ទូឌីយោរបស់ខ្លួន។

ប្រភពដដែលបានបន្តថា Robot មួយគ្រឿងដែលផលិតកម្ម កំពុងបញ្ជាទិញពីប្រទេសអាឡឺម៉ង់នេះ គឺមានតម្លៃប្រមាណជាង ២០ម៉ឺនដុល្លារ។ Robot មួយគ្រឿងនោះ ត្រូវបានគេដឹងថា មានភាពបត់បែនច្រើន អាចចំណេញពេលវេលា ព្រមទាំងកាត់បន្ថយហានិភ័យបានច្រើន បន្ថែមលើការប្រើឧបករណ៍ និងកម្លាំងពលកម្មមនុស្ស។

ជុំវិញដំណឹងបែកធ្លាយខាងលើនេះ Fresh News Plus បានព្យាយាមទាក់ទង ទៅកាន់លោក យឹម តាស្រង់ ដើម្បីសុំឲ្យលោកជួយបកស្រាយ និងអត្ថាធិប្បាយបញ្ជាក់បន្ថែម ប៉ុន្តែត្រូវបានលោកបដិសេដ និងសុំមិនធ្វើការបកស្រាយអ្វីទាំងអស់។

ចំណែកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្ម «Galaxy Navatra» ក៏មិនអាចសុំការអធិប្បាយបញ្ជាក់បានដែរ ជុំវិញដំណឹងនៃការបញ្ជាទិញ Robot មួយគ្រឿងពីប្រទេសអាឡឺម៉ង់នេះ៕