(ប៉េកាំង)៖ មានសិល្បករ-សិល្បការិនី ល្បីៗរបស់ចិនជាង៦០នាក់ បាននាំជាបរិច្ចាគប្រាក់ ចេញពីហោប៉ៅផ្ទាល់ខ្លួនជាបន្តបន្ទាប់ ក្នុងគោលបំណង ដើម្បីចូលរួមផ្តល់ជំនួយបន្ទាន់ ទៅដល់អ្នករងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត ហឺណាន (Henan) ភាគកណ្តាលនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Global Times នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

តារាល្បីៗ ដែលបានប្រកាសថា ខ្លួនបានចូលរួមបរិច្ចាគប្រាក់នោះ រួមមាន Ouyang Nana, Nicholas Tse, Wang Yibo, Xiao Zhan , Jackson Yee និងលោក Hunag Zitao ដែលអតីតសមាជិកក្រុមចម្រៀង EXO ជាដើម។ ទឹកប្រាក់ដែលពួកគេបានបរិច្ចាគ ត្រូវបានគេដឹងថា ចាប់ពីចំនួនជាង៣ម៉ឺនដុល្លារឡើងទៅ។

ងាកមក Hunag Zitao ដែលអតីតសមាជិកក្រុមចម្រៀង EXO មិនត្រឹមតែបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ ៤៦ម៉ឺនដុល្លារ (៣លាន Yuan) ប៉ុណ្ណោះទេ ថែមទាំងបានផ្ញើសម្លៀកបំពាក់ជាច្រើន ពីហាងលក់សម្លៀកបំពាក់របស់លោក ដល់អ្នកនៅតំបន់រងគ្រោះផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា មានសេចក្តីរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់បានកើនដល់ ៣៣នាក់ហើយ នៅក្នុងខេត្ត ហឺណាន (Henan) ភាគកណ្ដាលប្រទេសចិន ហើយក្នុងចំណោមជនរងគ្រោះទាំងនេះមាន ១២នាក់ ស្លាប់ដោយសារទឹកជន់លិចស្ថានីយរថភ្លើងក្រោមដី នៅក្នុងទីក្រុង ចឹងចូវ (Zhengzhou)៕