(អ៉ីតាលី)៖ ក្លិបបាល់ទាត់ Inter Milan បានអនុវត្តតាមក្លិប Arsenal ដោយលុបចោលការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីទៅចូលរួមការប្រកួតមុនរដូវកាលរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ Florida Cup ដោយសារបារម្ភបញ្ហា COVID-19, នេះបើតាមការបញ្ជាក់ពី ក្លិបម្ចាស់ពានរង្វាន់ជើងឯក លីគ Serie A របស់អ៉ីតាលីនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមរំលឹកថា ក្លិប Arsenal បានសម្រេចចិត្តនៅថ្ងៃអង្គារ ដោយលុបចោលការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយសារ «រកឃើញសមាជិកមួយចំនួនតូច មានករណីវិជ្ជមាន ជំងឺ COVID-19» នៅឯក្លិបដែលមានទីតាំង ស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍នេះ។

Inter គ្រោងនឹងប្រកួតតទល់នឹង Arsenal នាថ្ងៃអាទិត្យ, ជាមួយនឹងក្រុមឈ្នះ នឹងត្រូវជួបជាមួយក្រុមឈ្នះ ក្នុងការប្រកួតរវាងក្រុម Everton តទល់នឹងក្រុម Millonarios នៅថ្ងៃទី២៨ ខែកក្កដាខាងមុខ។

«FC Internazionale Milano បានប្រកាសថា ពួកគេនឹងមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Florida Cup នោះទេ ដោយសារតែហានិភ័យ នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការធ្វើដំណើរអន្តរជាតិ ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺ COVID-19, ហានិភ័យទាំងនេះហើយ ដែលធ្វើឲ្យក្លិប Arsenal FC បានដកខ្លួន រួចរាល់ហើយ ចេញពីការចូលរួមព្រឹត្តិការណ៍នេះ», នេះបើតាមក្លិប Inter បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សូមបញ្ជាក់ថា Inter, ដែលស្ថិតក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មី លោក Simone Inzaghi នោះ, នឹងចាប់ផ្តើមយុទ្ធនាការ ការពារពានរង្វាន់របស់ពួកគេ ដោយនឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្លិប Genoa នៅថ្ងៃទី២១ ខែសីហាខាងមុខ៕