(អង់គ្លេស)៖ ក្លិបបាល់ទាត់ Manchester City បានលុបចោលការប្រកួតលក្ខណៈមិត្តភាពមុនរដូវកាល តទល់នឹងក្លិប Troyes នៅប្រទេសបារាំង ដោយសារតែតម្រូវការធ្វើចត្តាឡីស័ក របស់ចក្រភពអង់គ្លេស, នេះបើតាមការបញ្ជាក់ពី ក្លិបម្ចាស់ពានរង្វាន់លីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

មនុស្សគ្រប់គ្នា ដែលមកដល់អង់គ្លេស ពីបារាំង ត្រូវតែធ្វើចត្តាឡីស័ក រយៈពេលពី៥ទៅ១០ថ្ងៃ ស្ថិតក្រោមវិធានរបស់រដ្ឋាភិបាលអង់គ្លេស។

«ក្លិបទាំងពីរ បានស្វែងរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីអាចប្រកួតបាន, ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលអង់គ្លេស បានផ្លាស់ប្តូរវិធាននៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរវិលត្រឡប់មកពីបារាំង ដែលត្រូវបានរឹតត្បិត ធ្វើឲ្យផលលំបាកយ៉ាងខ្លាំង», នេះបើតាមក្លិប City បានលើកឡើង។

ក្រុមជម្រើសដំបូងរបស់ក្លិប City ឥឡូវនេះនឹងបន្តការត្រៀមប្រកួតមុនរដូវកាលរបស់ពួកគេ នៅទីក្រុង Manchester ជាមួយនឹងមិនមានគម្រោង ដើម្បីជំនួសការប្រកួតមិត្តភាពនោះទេ។

ពួកគេនឹងប្រកួតជាមួយក្លិប Preston North End នៅពីក្រោយការបិទទ្វារ នាថ្ងៃទី២៧ ខែកក្កដា ជាលក្ខណៈមិត្តភាព មុនពេលប្រកួតនៅលីគ Community Shield នៅឯពហុកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ តទល់នឹងម្ចាស់ពានរង្វាន់ FA Cup ក្លិប Leicester City នៅថ្ងៃទី៧ ខែសីហា៕