(ម៉ៃអាមី)៖ លោក Phil Neville ដែលជាមិត្តរួមជាតិអង់គ្លេសជាមួយម្ចាស់ក្លិប Inter Miami នោះ បានកំពុងរងសម្ពាជជាខ្លាំងនៅពេលដឹកនាំក្លិបអាមេរិកមួយនេះ ចាញ់ ៦ប្រកួតជាប់ៗគ្នាដែលលេងនៅ Major League Soccer។

Inter Miami FC ស្ថិតនៅបាតតារាងនៃចំណាត់ថ្នាក់លេខ១៤ ពីតំបន់ Eastern Conference ដែលស្ថិតក្រោមការបង្វឹករបស់លោក Phil Neville នារដូវកាលនេះ ដោយទើបតែរកបានជ័យជម្នះ ២ប្រកួតគត់ ក្នុងចំណោម ១២ប្រកួតរបស់ពួកគេមានតែ ៨ពិន្ទុប៉ុណ្ណោះ។

អ្វីដែលកាន់តែធ្ងន់ និងធ្វើឲ្យ Phil Neville ប្រឈមនឹងបណ្តេញពីតំណែងផងនោះ នៅពេល Miami បានចាញ់ក្នុងដល់ទៅ ៥-០ ក្រោយថ្វីជើងរបស់ក្រុមភ្ញៀវ New England Revolution កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថែមទៀតនៅ MLS។

គួររំលឹកផងថា ក្លិបបាល់ទាត់អាជីព Inter Miami ត្រូវបានបង្កើតឡើង និងចូលលេងក្នុងលីគកំពូលអាមេរិក Major League Soccer នៅឆ្នាំ២០២០ ដែលបានតែងតាំងលោក Phil Neville ជាអ្នកចាត់ការទូទៅទី២ ផងដែរកាលពីខែមករា ឆ្នាំ២០២១ ក្រោយលោកលាឈប់ពីការដឹកនាំក្រុមបាល់ទាត់ស្រ្តីអង់គ្លេស ក្រោយកាន់តំណែងបាន ៣ឆ្នាំ។

លោក Phil Neville បានថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតចាញ់ស្ពឹកមុខថា «ខ្ញុំដឹងពីអារម្មណ៍របស់ខ្ញុំស្រាប់ហើយ។ អ្នកដែលទទួលខុសត្រូវ គឺខ្ញុំមុនគេ ដោយមិនចាំបាច់ប្រាប់ពីអារម្មណ៍ព្រួយបារម្ភរបស់ពួកគេឡើយ។ សម្ពាធទាំងឡាយគឺកំពុងស្ថិតលើខ្ញុំហើយពេលនេះ»