(ចិន)៖ បន្ទាប់ពីមានរឿងរ៉ាវចម្រូងសម្រាស់ លើបណ្តាញអ៉ីនធើណែត កាន់តែសាយភាយខ្លាំងឡើងៗ ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់តារាល្បីជនជាតិចិន-កាណាដា Kris Wu ដែលត្រូវបានគេចោទថា បានលួងលោមក្មេងស្រីៗ ជាអ្នកគាំទ្រ ដើម្បីធ្វើការរួមភេទនោះរួចមក នៅពេលនេះ ប៉ូលីសទីក្រុងប៉េកាំង បានបញ្ចេញរបាយការណ៍ស៉ើបអង្កេតបឋមលើករណីនេះ បន្ទាប់ពីបានចុះស្រាវជ្រាវ និងសាកសួរលើជនសង្ស័យ, ដើមបណ្តឹង, សាក្សី, និងរបាយការណ៍នានាទាំងជាឯកសារផ្ទាល់ និងលើបណ្តាញសង្គម។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

banner

*ទី១៖ អំពីទំនាក់ទំនងរវាង Wu Yifan (Kris Wu) និង ស្រីស្អាត Du Meizhu
យោងតាមសេចក្ដីប្រកាសរបស់ប៉ូលីស បានឲ្យដឹងថា អ្នកចាត់ការរបស់ Kris នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ បានទាក់ទងទៅកាន់ Du Meizhu ឲ្យមកផ្ទះ Kris ដើម្បីជុំគ្នាជ្រើសរើសតួឯកស្រី ឲ្យសម្ដែងក្នុងវីដេអូបទចម្រៀងរបស់ Kris។ បន្ទាប់មកក៏មានអ្នកចូលរួមខ្ទង់១០នាក់ ហើយក៏ធ្វើពិធីជប់លៀង ដោយពួកគេបានលេងសប្បាយ និងផឹកស៊ីក្នុងផ្ទះរបស់ Kris រហូតដល់ម៉ោង៧ព្រឹក។ អ្នកដែលបានចូលរួម គឺចេញទៅផ្ទះវិញម្ដងម្នាក់ៗ នៅសល់តែ Du Meizhu តែប៉ុណ្ណោះ ហើយពួកគេទាំងពីរ គឺ Kris និង Meizhu ក៏បានរួមដំណេកជាមួយគ្នា។ លុះដល់ព្រឹកបន្ទាប់ កញ្ញា Meizhu ក៏ចេញពីផ្ទះ Kris ក្រោយពីទទួលទានអាហារពេលព្រឹក ជាមួយគ្នារួចរាល់។ ចាប់តាំងពីពេលនោះមក អ្នកទាំង២ក៏ចាប់ផ្ដើម ឆ្លើយឆ្លងគ្នាលើ WeChat។ នៅថ្ងៃទី០៨ ខែធ្នូ Kris បានបាញ់លុយឲ្យ Meizhu ៣២ ០០០យ័ន (ខ្ទង់ ៤៩៤៦ដុល្លារ) ទុកឲ្យនាង សម្រាប់ឲ្យនាង Shopping។ ចាប់ពីពេលនោះមក អ្នកទាំង២ ក៏ទាក់ទងគ្នាជាប់តាម WeChat រហូតដល់ខែមេសា។

*ទី២៖ អំពីព័ត៌មានដែល Du Meizhu និងបុគ្គលផ្សេងទៀតបានបង្ហោះលើ Internet
ប៉ុន្មានខែក្រោយ Du Meizhu និងមិត្តម្នាក់ត្រកូល Liu (ភេទស្រីអាយុ ១៩ឆ្នាំ) បានពិភាក្សាគ្នាធ្វើយ៉ាងណា ទម្លាយពីទំនាក់ទំនងរវាងនាង និង Kris។ នៅខែមិថុនា ឆ្នាំ២០២១ Du Meizhu និងពួកម៉ាកម្នាក់នោះ បានបញ្ចេញដំណឹងពីទំនាក់ទំនងរបស់ Kris និងនាង ហើយនៅថ្ងៃទី០២ កក្កដា ម្នាក់ត្រកូល Liu នោះ ក៏បានក្លែងគណនី Weibo ដោយដាក់ឈ្មោះ «Liu Meili» និងបានបង្ហោះ ពីការរំលោភបំពានផ្លូវចិត្ត ដែល Kris បានធ្វើទៅលើ Meizhu។ ក្រោយមកក៏មានការបង្ហោះព័ត៌មាន អំពីទំនាក់ទំនង Meizhu និង Kirs ជាបន្តបន្ទាប់លើ Weibo។

*ទី៣៖ អំពីការចាប់ខ្លួនបុគ្គលត្រកូល Liu
រូបគេជាជនទី៣ ដែលបានលូកដៃចូល និងត្រូវបានចាប់ខ្លួន បន្ទាប់ពីម្ដាយរបស់ Kris ចាប់ផ្ដើមបានប្ដឹងទៅប៉ូលីស ដោយបាននិយាយថា អ្នកស្រីបានទទួល Blackmail ពី Du Meizhu។ ក្រុមប៉ូលីស Chaoyang ក៏បានបើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនលោក Liu នៅថ្ងៃទី១៨ ខែកក្កដា ពីបទសមគំនិតប៉ុនប៉ងឆបោកភាគីទាំង២ ដោយបន្លំខ្លួនជាអ្នកពាក់ព័ន្ធ។ ភស្តុតាងបានបង្ហាញថា លោក Liu បានបង្ហោះព័ត៌មានមួយចំនួនពី Du Meizhu និង Kris Wu ព្រមទាំងកើតចិត្តចង់បោកយកផលចំណេញលើរឿងនេះ។

យ៉ាងណាមិញ នេះគ្រាន់តែជារបាយការណ៍មួយចំនួន នៃលទ្ធផលស៉ើបអង្កេតរបស់ប៉ូលីសតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននៅមិនទាន់មានដំណឹងណាមួយ អំពីនិតិវិធីបន្តទៅលើតារា Kris Wu និងជនពាក់ព័ន្ធនៅឡើយទេ ព្រោះប៉ូលីសកំពុងបន្តតាមដានស៉ើបអង្កេតបន្តទៀត ដើម្បីឈានទៅចាត់វិធានការម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់ ដើម្បីស្វែងរកការពិត៕