(ភ្នំពេញ)៖ បណ្ដឹងតវ៉ាទៅនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ពីសំណាក់ក្លិបអង្គរថាយហ្គឺរ ក្រោយការប្រកួតជាមួយក្រុមណាហ្គាវើលដ៏ កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ បានបរាជ័យហើយ ក្រោយមានការអន្ដរាគមន៍ និងដោះស្រាយភ្លាមៗពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ សហព័ន្ធចេញលទ្ធផលវិនិច្ឆ័យ ៤ចំណុចសបញ្ជាក់ថា ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតខាងលើពិតជាត្រឹមត្រូវ។

យោងតាមលិខិតស្រាយបំភ្លឺរបស់ FFC នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC ក្រោយពីទទួលបានប្រតិកម្ម និងពាក្យបណ្ដឹងជាផ្លូវការពីក្រុមមន្ដ្រីជំនាញនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទទួលបានអនុសាសន៍ពីថ្នាក់ដឹកនាំ បានធ្វើការពិនិត្យ តាមដាន និងវាយតម្លៃលើស្ថានភាពនៃការប្រកួតតាមរយៈវីដេអូ របាយការណ៍ស្នងការ និងការសាកសួរអ្នកជាប់ពាក់ព័ន្ធ ក្រោមការដឹកនាំរបស់មន្ដ្រីអាជ្ញាកណ្ដាល ៤រូបកន្លងមក ដោយស្រាយបំភ្លឺថា៖

១៖ នៅនាទី៥៤ កីឡាករពាក់លេខ១០ របស់ក្រុមអង្គរថាយហ្គឺរឈ្មោះ Da Cruz បានបញ្ជូនបាល់នឹងក្បាល (Head the ball) បញ្ចូលទីខាងក្រុមភ្ញៀវ ដែលអាជ្ញាកណ្ដាលបានបដិសេធបាល់ចូលទី ដោយចាត់ទុកថា មុនបាល់ចូលទី កីឡាកររូបនោះបានប្រព្រឹត្តកំហុសយកដៃរុញសង្កត់ខ្សែការពារពាក់លេខ៤ របស់ក្រុមណាហ្គាវើលដ៏ ធ្វើឲ្យបាត់ជំហរ ដើម្បីឲ្យខ្លួនមានឱកាសបញ្ជូនបាល់បញ្ចូលទី។ យោងតាមច្បាប់ល្បែងកីឡាបាល់ទាត់ ឆ្នាំ២០២០-២១ ក្នុងច្បាប់ទី៥ អាជ្ញាកណ្ដាល ទំព័រ ៦៥ និងចំណុចភាសាកាយវិការ ការទំនាក់ទំនង និងកញ្ចែ ទំព័រ ២០១។

២៖ នៅនាទី៧៩ កីឡាករខ្សែការពារពាក់លេខ៣ របស់ក្រុមអង្គរថាយហ្គឺរ ឈ្មោះ ស្រាំង ទិត្យឈី ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញសម្រាប់កំហុសជេរប្រមាថអាជ្ញាកណ្ដាល។ ក្នុងហេតុការណ៍នោះ កីឡាករខាងលើ បានដើរចេញពីទីលាន តាមតំបន់របស់ជំនួយការទី១ ដើម្បីព្យាបាលរបួស និងបានជេរប្រមាថទៅលើជំនួយការទី១ ថា «អាខ្វាក់ អាល្ងង់ អាភ្លើ»។ យោងតាមច្បាប់ល្បែងកីឡាបាល់ទាត់ ឆ្នាំ២០២០-២១ ក្នុងច្បាប់ទី១២ ចំណុច កំហុសបណ្ដេញចេញ ទំព័រ ១១១។

៣៖ នៅនាទី៨៧ កីឡាករពាក់លេខ៤ របស់ក្រុមអង្គរថាយហ្គឺរ ឈ្មោះ ឈង់ ប៊ុនណាត ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញសម្រាប់កំហុសរារាំងឱកាសជាក់ស្ដែងទាត់បាល់បញ្ចូលទី (DOGSO) ដោយចាប់ទាញគូប្រកួត។ ដូចមានចែងក្នុងច្បាប់ល្បែងកីឡាបាល់ទាត់ ឆ្នាំ២០២០-២១ ច្បាប់ទី១២ កំហុស និងអាកប្បកិរិយាមិនគប្បីត្រង់ចំណុចរារាំងបាល់ចូលទី និងឱកាសជាក់ស្ដែងទាត់បញ្ចូលទីទំព័រ១១២។

៤៖ នៅនាទី៧៣ អាជ្ញាកណ្ដាលផ្លុំកញ្ចែសម្រាប់កំហុសយកដៃប៉ះបាល់ (Handle the ball) នៅក្នុងផ្ទៃប៉េណាល់ទីដែលបានប្រព្រឹត្ដដោយកីឡាករលេខ៣ ឈ្មោះ ស្រាំង ទិត្យឈី របស់ក្រុមអង្គរថាយហ្គឺរ ដោយផ្ដល់បាល់ប៉េណាល់ទីឲ្យទៅក្រុមណាហ្គាវើលដ៏។ ក្នុងករណីនេះ អាជ្ញាកណ្ដាលគួរតែផ្ដល់កាតលឿងដល់កីឡាករលេខ៣ ចំពោះការរារាំងបាល់តែតសំដៅទីដោយយកដៃលេងបាល់ សម្រាប់អាកប្បកិរិយាមិនមែនជាកីឡាករ។ តាមរយៈវីដេអូពិតជាបានឃើញមានសកម្មភាពមានចេតនាលេងនឹងដៃពិតប្រាកដ ដូចមានចែងក្នុងច្បាប់ល្បែងកីឡាបាល់ទាត់ ឆ្នាំ២០២០-២១ ច្បាប់ទី១២ ត្រង់ចំណុចយកដៃលេងបាល់ (Handle the ball)។

សូមរំឮកថា ក្នុងការប្រកួតដ៏ចម្រូងចម្រាសខាងលើ បានបញ្ចប់ដោយក្រុមណាហ្គាវើលដ៏ យកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប។ ប៉ុន្ដែក្រោយចប់ការប្រកួតភ្លាមៗ គេឃើញមានមហាជនជាច្រើន រួមទាំងថ្នាក់ដឹកនាំ និងកីឡាករក្លិបអង្គរថាយហ្គឺរ រហូតដល់ថ្នាក់ដឹកនាំមួយចំនួនបានប្រតិកម្ម និងរិះគន់ទៅនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួត ដែលដឹកនាំដោយលោក ឃិន ឧសីហា, ជំនួយការអាជ្ញាកណ្ដាលទី១ លោក ស៊ុន តារាវុទ្ធ, ជំនួយការអាជ្ញាកណ្ដាលទី២ លោក សៀន សុភ័ក្រ និងមន្ដ្រីទី៤ លោក លឹម ប៊ុនធឿន រហូតមានការអន្ដរាគមន៍ និងសម្រេចពីសហព័ន្ធដូចខាងលើ៕