(ឡុងដ៏)៖ របាយការណ៍មួយបានបង្ហាញថា Harry Kane អាចចាកចេញពីក្លិប Tottenham Hotspur ទៅតាមគោលបំណងរបស់ខ្សែប្រយុទ្ធរូបនេះ នៅពេលដែលមានក្លិប Manchester City ជាគោលដៅធំមួយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានប្រាប់ពីគោលបំណងចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ ដើម្បីស្វែងរកការឈ្នះពានធំៗណាមួយនៅពេលតម្លៃប្រមាណ ១៦០លានផោននឹងអាចជាចំនួនបំបែកកំណត់ត្រាមួយ។

ប្រភពពី Dailymail បានបង្ហាញថា ដើមឡើយប្រធានក្លិប Spurs បង្ហាញថា មិនចង់ឲ្យខ្សែប្រយុទ្ធ Kane ចាកចេញពីក្លិបនោះទេ បើទោះបីជាមានការចង់បានពីក្លិបផ្សេងក៏ដោយ ប៉ុន្តែប្រភពពី The Sun បានអះអាងថាប្រធានក្លិបលោក Daniel Levy បានព្រមព្រៀងផ្តល់ភ្លើងខៀវឲ្យ Kane ចេញទៅកាន់ក្លិបជាគូប្រជែងលីគ Premier League ក្នុងតម្លៃដែលអាចរកប្រាក់ចំណូលបានប្រមាណ ៤0ម៉ឺនក្នុង១សប្តាហ៍។

ខណៈនឹងអាចមានកិច្ចសន្យា ៤ទៅ៥ឆ្នាំនៅកីឡដ្ឋាន Etihad ដែលជាក្លិបស្ថិតក្នុងការដឹកនាំដោយលោក Pep Guardiola ដែលបានឈ្នះពានលីគរដូវកាលមុន។

ខណៈកាលពីខែមុនខ្សែប្រយុទ្ធ Kane ក៏ត្រូវបានក្លិប Man City ដេញថ្លៃប្រមាណ ១០០លានផោនតែត្រូវបានក្លិប Spurs បដិសេធនៅក្នុងទីផ្សាដោះដូរ ខណៈកាលពីសប្តាហ៍មុនគ្រូបង្វឹកថ្មីលោក Nuno Santo បានជឿជាក់ថារូបគេនឹងបន្តនៅជាមួយក្លិបបន្តទៀត ក៏ប៉ុន្តែរបាយការណ៍ចុងក្រោយបានបង្ហាញថា Kane នឹងអាចចាកចេញទៅស្ថិតក្រោមការដឹកនាំរបស់លោក Pep នៃក្លិបការពារជើងឯកលីគ៕