(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Jadon Sancho បានបញ្ចប់ការផ្ទេរមកកាន់ក្លិបស្រុកកំណើត Manchester United វិញហើយពីក្លិប Borussia Dortmund របស់អាល្លឺម៉ង់ក្នុងតម្លៃ ៧៣លានផោន ដែលស្មើនឹង ១០០.៣៦លានដុល្លារ។

Sancho ដែលមានវ័យទើបតែ ២១ឆ្នាំផងនោះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំលេងនៅទឹកដី Old Trafford ចាប់ពីរដូវកាលថ្មីឆ្នាំ២០២១-២០២២ តទៅ បន្ទាប់ពីរូបគេក៏ជាអតីតនៃក្លិបមេឃខៀវ Manchester City ផងដែរ មុនផ្លាស់ចេញទៅលេងនៅទឹកដីអាល្លឺម៉ង់។

សមាជិកអង់គ្លេស នៅព្រឹត្តិការណ៍ Euro 2020 បានថ្លែងប្រាប់ BBC ក្រោយចុះកិច្ចសន្យារួចថា «សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ។ Borussia Dortmund បានផ្តល់អ្វីៗគ្រប់យ៉ាងដល់ខ្ញុំ បើទោះបីជាដឹងថា ខ្ញុំនៅតែចិញ្ចឹមចិត្តត្រឡប់មកលេងនៅអង់គ្លេសវិញក៏ដោយ»

Sancho ស៊ុតបាន ៥០គ្រាប់ និងបញ្ជូនបាល់បាន ៥៧គ្រាប់ពីការចូលលេងបាន ១៣៧ប្រកួតមុនចាកចេញពីក្លិបលេងនៅ Bundesliga របស់អាល្លឺម៉ង់ និងបានក្លាយជាមិត្តរួមក្រុមជាមួយ Marcus Rashford ដែលសុទ្ធសឹងតែទាត់បាល់ ១១ម៉ែត្រផ្តាច់ព្រ័ត្រអត់ចូលដូចគ្នាកាលនៅ Euro ទើបបញ្ចប់ថ្មីៗនេះ៕