(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារផ្ទះទទួលក្រុមវិសាខា នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន RSN ដែលជាជំនួបដ៏ធំប្រចាំសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ ចាំមើលតើក្រុមសិង្ហក្រហម អាចបំបែកកំណត់ត្រាមិនស្គាល់ឈ្នះក្រុមសេះជំទង់បានទេ ដ្បិតជួបគ្នា ៦លើកក្នុងលីគកន្លងមក ភ្នំពេញក្រោន មិនធ្លាប់ឈ្នះវិសាខាម្ដងឡើយ ដោយក្រុមវិសាខា ធ្លាប់ឈ្នះ ៣ដង និងស្មើ ៣ដង។

ជុំវិញការប្រកួតរវាងក្រុមខ្លាំង ប៉ះក្រុមខ្លាំងនេះ គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការត្រៀមខ្លួន និងការទន្ទឹងរង់ចាំការប្រកួតមកដល់ដូចគ្នា ហើយក៏រំពឹងថា ការប្រកួតនឹងកក្រើក ក៏ដូចជាជក់ចិត្តសម្រាប់អ្នកគាំទ្រផងដែរ ពិសេសគឺការដាក់គោដៅស្វែងរក ៣ពិន្ទុរៀងខ្លួន ដើម្បីរក្សាឱកាសដណ្ដើមពានលីគកំពូលកម្ពុជាឆ្នាំនេះ ស្របពេលបច្ចុប្បន្នក្រុមទាំងពីរ នៅមិនទាន់ស្គាល់ចាញ់ដោះដូចគ្នា ក្នុងលីគរដូវកាលឆ្នាំ២០២១។

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា «ពេលនេះយើងកំពុងតែរៀបចំក្រុមលេងជាមួយវិសាខា ដែលយើងរំពឹងថាជាការប្រកួតមួយដែលល្អ ព្រោះវិសាខាជាក្រុមដែលមានការគ្រប់គ្រងបាល់បានល្អ ដូច្នេះយើងអាចធ្វើតេស្តសមត្ថភាពរបស់យើង និងបង្ហាញការលេងរបស់ក្រុមយើងផងដែរ។ វិសាខាជាក្រុមដែលមានកីឡាករល្អៗច្រើន ហើយខ្ញុំគិតថាពួកគេជាក្រុមដែលមានការរៀបចំល្អ ពួកគេបានបង្ហាញពីការលេងបានល្អ មានការប្រកួតប្រជែងខ្ពស់។ ខ្ញុំគិតថាវានឹងជាការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ មានការប្រកួតប្រជែងខ្លាំងសម្រាប់ការប្រកួតនេះ ដូច្នេះវាជារឿងល្អមួយក្នុងវិស័យបាល់ទាត់»

ដោយឡែកលោក Colum Curtis គ្រូបង្វឹកក្រុមវិសាខា បានថ្លែងថា «ក្រុមការងារគ្រូ និងកីឡាកររបស់យើង កំពុងទន្ទឹងរង់ចាំការប្រកួតមកដល់ ដែលជាការប្រកួតដ៏ធំ សម្រាប់អ្នកគាំទ្ររបស់យើង ហើយពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អបំផុត។ សម្រាប់ការប្រកួតកាលពីដើមរដូវកាល យើងនឹងយកវាជាបទពិសោធ ដើម្បីកែប្រែមកជាការឈ្នះក្នុងការប្រកួតលីគវិញ។ ពួកយើងមិនអាចសន្យាថា ការប្រកួតនេះ នឹងបញ្ចប់ដោយលទ្ធផលយ៉ាងម៉េចនោះទេ តែអ្វីដែលពួកយើងសន្យា គឺពួកយើងប្ដេជ្ញាចិត្តនឹងលេងឲ្យអស់ពីសមត្ថភាព។ រីឯតារាងចំណាត់ថ្នាក់វិញ ខ្ញុំមិនសូវតាមដានប៉ុន្មានទេ តែខ្ញុំនឹងមើលតារាងនៅពេលចប់រដូវកាល ។ គោលដៅរបស់ពួកយើង គឺប្ដេជ្ញាខំប្រឹងដណ្ដើមយក ៣ពិន្ទុគ្រប់ការប្រកួតនីមួយៗ»

គួរដឹងថា បច្ចុប្បន្នក្រុមវិសាខា កំពុងឈរលេខរៀងទី២ បណ្ដោះអាសន្ន ដោយមាន ១៨ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួតឈ្នះ ៥ និងស្មើ ៣ មិនទាន់ស្គាល់ពាក្យចាញ់ ខណៈភ្នំពេញក្រោន ឈរលេខ៤ និងមាន ១៦ពិន្ទុក្នុងដៃ តែពួកគេទើបប្រកួតបាន ៦ប្រកួតប៉ុណ្ណោះ ដោយឈ្នះ៥ និងស្មើ១ មិនទាន់ស្គាល់ចាញ់ដូចគ្នា។ យ៉ាងណាមិញមុនជួបគ្នាល្ងាចនេះ ក្រុមទាំងពីរ ក៏ធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពមួយ កាលពីដើមរដូវកាល ដោយភ្នំពេញក្រោន បានវាយបកយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-២ នៅកីឡដ្ឋានព្រីនស៍ផងដែរ៕