(ភ្នំពេញ)៖ ទីបំផុតក្រុមបាតតារាងសូលទីឡូអង្គរ បានស្គាល់ ១ពិន្ទុដំបូងក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជាហើយ ក្រោយប្រកួតស្មើក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣-៣ ក្នុងជំនួបសប្ដាហ៍ទី១០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាបនាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

ជំនួបដ៏ស្វិតស្វាញ និងភ្ញាក់ផ្អើលនេះ ក្រុមមិនទាន់ស្គាល់ឈ្នះសូលទីឡូអង្គរ បានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុននៅវគ្គទី១ ដែលធ្វើបានសម្រេចដោយកីឡាករ ណង វីលីគ នៅនាទីទី៤ និងកីឡាករ រដ្ឋ សំណាង នៅនាទី២៨។ លុះចូលដល់វគ្គទី២ ក្រុមណាហ្គា បានព្យាយាមវាយបកយ៉ាងខ្លាំងរហូតរកបាន ១គ្រាប់នៅដើមវគ្គ ដោយកីឡាករ គួច សុកុម្ភៈ នៅនាទី៤៩។

ប៉ុន្ដែ ១០នាទី ក្រោយមកការវាយបកបាន ១គ្រាប់ទៀតទៅលើក្រុមភ្ញៀវដោយ កីឡាករ ណង វីលីក បានបន្ថែមគ្រាប់នាំមុខ ៣-១ នៅនាទី៥៩ ដែលនាំឲ្យក្រុមលោក មាស ចាន់ណា បង្កើនការវាយសម្រុកកាន់តែខ្លាំងរហូតដល់នាទី៧៣ ទើបកីឡាករ ណុប តុលា រកបានគ្រាប់ទី២ និងកីឡាករ នេន សុធារ័ត្ន ដែលរកបានគ្រាប់តាមស្មើ ៣-៣ នៅនាទី៩០+៤ ដើម្បីបញ្ចប់ក្ដីសង្ឃឹមស្គាល់ជ័យជម្នះលើកដំបូងរបស់ក្រុមសូលទីឡូអង្គរតែម្តង។

លទ្ធផលនេះ បានធ្វើឲ្យក្រុមណាហ្គាវើលដ៏ រកបាន ១៨ពិន្ទុ ស្មើក្រុមវិសាខា បន្ទាប់ពីឆ្លងកាត់ ៩ប្រកួត ឈ្នះ៥ ស្មើ៣ និងចាញ់១។ ចំណែកក្រុមសូលទីឡូអង្គរវិញ បានបន្ដឈរបាតតារាងដដែលដោយមាន ១ពិន្ទុដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក អ៊ុក សុធី បន្ទាប់ពីប្រកួត ៩លើក ស្មើ១ និងចាញ់៧ដង។ ដំណាលគ្នាផងដែរ ក្រុមព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៦-០ ដើម្បីមាន ១៩ពិន្ទុស្មើក្រុមកំពូលតារាងអង្គរថាយហ្គឺរ ជាបណ្ដោះអាសន្នផងដែរ៕