(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន មិនអាចបំបែកកំណត់ត្រាមិនស្គាល់ឈ្នះក្រុមវិសាខាបានឡើយ ក្រោយប្រកួតស្មើគ្នា ៣-៣ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែកក្កដានេះ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរ រក្សាកំណត់ត្រាមិនស្គាល់ចាញ់រៀងខ្លួន ក្នុងរដូវកាលថ្មី ឆ្នាំ២០២១។

ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន RSN នេះ អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ជាការប្រកួតមិនទាន់ក្ដៅសាច់ដុំផង កីឡាករ Adres Neito បានស៊ុតបើកការនាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុននៅនាទីទី៣ ក្រោយការបញ្ជូនបាល់ធ្វេសប្រហែលរបស់អ្នកចាំទីវិសាខា កែវ សុខសិលា។ បន្ទាប់មកវិសាខា បានព្យាយាមដាក់សម្ពាធ រហូតដល់នាទី៣៣ ទើបកីឡាករ កែវ សុខផេង តែតគ្រាប់តាមស្មើនៅនាទី៣៣។

ប៉ុន្ដែ ៧នាទីក្រោយការរកបានគ្រាប់តាមស្មើរបស់ក្រុមភ្ញៀវ ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានស៊ុតគ្រាប់នាំមុខជាលើកទី២ ដោយកីឡាករ Valerii Hryshyn នៅនាទី៤០ ក្រោយការធ្វេសប្រហែលរបស់អ្នកចាំទី កែវ សុខសិលា ដដែល។

ចូលវគ្គទី២ ការប្រកួតកាន់តែក្ដៅគគុកថែមទៀត ពិសេសក្រោយចាប់ផ្ដើមបាន ១០នាទី កីឡាករ កែវ សុខផេង បានតែតគ្រាប់តាមស្មើជាលើកទី២ នៅនាទី៥៥ ប៉ុន្ដែភ្លាមៗនោះ ត្រូវបានកីឡាករ Adres Neito ស៊ុតគ្រាប់បាល់ទី៣ ឲ្យភ្នំពេញក្រោន បើកការនាំមុខជាថ្មី នៅនាទី៥៦។ ដូច្នេះក្រុមវិសាខា បានព្យាយាមវាយបក រហូតដល់នាទី៩០ ទើបរកបានគ្រាប់តាមស្មើ ដោយកីឡាករ រ៉ឹង ប៊ុនហៀង បន្ទាប់ពីប្ដូរចូលប្រមាណ ៥នាទី។

តាមរយៈលទ្ធផលស្មើគ្នាខាងលើនេះ បានធ្វើឲ្យក្រុមវិសាខា តាមទាន់ក្រុមកំពូលតារាងអង្គរថាយហ្គឺរ ក៏ដូចជាក្រុមព្រះខ័នរាជស្វាយរៀងផងដែរ ដោយរកបាន ១៩ពិន្ទុស្មើគ្នា បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ ៥ និងស្មើ ៤ ខណៈក្រុមសិង្ហក្រហមភ្នំពេញក្រោន រកបាន ១៧ពិន្ទុ ប៉ុន្ដែពួកគេទើបប្រកួតបាន ៧ប្រកួតឈ្នះ ៥ និងស្មើ ២។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងប្រវត្តិជួបគ្នា ៧លើកកន្លងមក រួមទាំងលើកនេះ ភ្នំពេញក្រោន មិនទាន់ស្គាល់ឈ្នះក្រុមវិសាខានោះទេ៕