(តូក្យូ)៖ គិតមកទល់ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ មានអត្តពលិកមកពី ១០ប្រទេសដណ្តើមបានមេដាយនៅព្រឹត្តិការណ៍ចម្រុះ Tokyo Olympic Games 2020 ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះ។

Tokyo Olympics ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ នោះត្រូវបើកសម្ពោធប្រកួតជាផ្លូវការនារាត្រីថ្ងៃទី២៣ ខែកក្កដា ដោយមានអត្តពលិកមកពី ២០៥ប្រទេសចូលរួមដែលជាសមាជិករបស់ IOC ប្រកួតជែងដណ្តើមមេដាយលើប្រភេទកីឡាសរុប ៣៣ប្រភេទ ចែកចេញជា ៣៣៩វិញ្ញាសាផងដែរ។

ជាលទ្ធផលគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ អត្តពលិកមកពីប្រទេសសាធារណរដ្ឋប្រជាមានិតចិន បានកំពុងនាំមុខគេក្នុងតារាងមេដាយអូឡាំពិកជាបណ្តោះអាសន្ន ដោយឈ្នះបានមេដាយសរុប ៤គ្រឿង ក្នុងនោះមានមេដាយមាសដល់ទៅ ៣គ្រឿង តាមពីក្រោយដោយអត្តពលិកអ៉ីតាលី ដែលដណ្តើមបានមេដាយ ២គ្រឿងក្នុងរួមមាន មាស១ និងប្រាក់១ គ្រាដែលម្ចាស់ផ្ទះជប៉ុនទើបដណ្តើមបានមេដាយ ២គ្រឿងប៉ុណ្ណោះរួមមាន មាស១ និងប្រាក់១គ្រឿងផងដែរ។

តួយ៉ាងប្រទេសផ្សេងៗទៀតមានដូចជា កូរ៉េខាងត្បូង អេក្វាទ័រ ហុងគ្រី អ៉ីរ៉ង់ កូសូវ៉ូ ថៃ និងអត្តពលិករុស្ស៊ីចូលរួមក្រោមឆ័ត្រអូឡាំពិកនោះ ក៏ដណ្តើមបានមេដាយ ២គ្រឿងនឹងគេដែររួមមាន ប្រាក់១ និងសំរិទ្ធ១គ្រឿង៕