(ភ្នំពេញ)៖ ការលើសទម្ងន់ ឬជំងឺធាត់ ជាបញ្ហាចោទសម្រាប់មនុស្សនាបច្ចុប្បន្ននេះ អាចជាហានិភ័យនៃជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីកមួយចំនួន និងជំងឺរលាកថ្លើមដោយខ្លាញ់រុំថ្លើមជាដើម។

ជាក់ស្តែងជំងឺខ្លាញ់រុំថ្លើមដោយសារការលើសទម្ងន់ ឬជំងឺធាត់កំពុងក្លាយជាមូលហេតុចំបងនៃការក្រិនថ្លើម និងមហារីកថ្លើម។ នេះបានតាមការបញ្ជាក់របស់គ្រូពេទ្យឯកទេសថ្លើម លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានបញ្ជាក់ទៀតថា ប្រទេសអាស៊ីគេកំណត់យកការលើសទម្ងន់ ឬធាត់ តាមរយៈការគណនា BMI (Body mass index) = ផលធៀបរវាងម៉ាសគិតជាគីឡូ និងកម្ពស់កិតជាម៉ែត្រលើកជាស្វ័យគុណពីរ៖
*លើសទម្ងន់ (BMI ចន្លោះ 23.0-24.9)
*ធាត់កម្រិត ១ (BMI ចន្លោះ 25.0-29.9)
*ធាត់កម្រិត២ (BMI ≥ 30)

BMI = (ទំងន់)/((កំពស់)^2 ), ឧទាហរណ៍៖ អ្នកជំងឺមានទម្ងន់ 80kg កម្ពស់ 1,7m ដូចនេះ BMI= 80/((1.7)^2 )= 23.5

ចំនុចគួរកក់សម្គាល់របស់ លោកវេជ្ជបណ្ឌិតរូបនេះ បានថ្លែងថា «ជំងឺខ្លាញ់រុំថ្លើម អាចនឹងមិនមានរោគសញ្ញានោះទេ ក្នុងដំណាក់កាលដំបូង ដូចនេះបុគ្គលដែលមានការលើសទំងន់ ឬ ជំងឺធាត់ គួរពិនិត្យសុខភាពថ្លើមជាប្រចាំ»

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានថ្លែងបន្ថែមថា ជាទូទៅការឡើងទម្ងន់ ឬធាត់នេះ ដោយសារតែការទទួលទានច្រើន ហើយជាអាហារដែលមានជាតិខ្លាញ់ច្រើន ផ្អែម សម្បូរទៅដោយកាល់ឡូរី អាហារវេចខ្ចប់ស្រាប់ៗ ឬអាហារកំប៉ុងជាដើម ខណៈដែលប្រទេសយើងមានការអភិវឌ្ឍ និងភាពសប្បូរសប្បាយនោះ។លើសពីនោះ មិនធ្វើលំហាត់ប្រាណ ជាទៀងទាត់តែម្ដង។

ដូច្នេះកុំឱ្យមានហានិភ័យនេះជំងឺដែលបានរៀបរាប់ខាងលើនេះ សូមពលរដ្ឋត្រូវកាត់បន្ថយការពិសាអាហារដែលមានជាតិខ្លាញ់ច្រើន មានកាល់ឡូរីខ្ពស់ ត្រូវផ្លាស់ប្ដូររបបអាហារ ដោយត្រូវពិសាអាហារជាបន្លែបៃតងឱ្យបានច្រើន សាច់ត្រី ឬសាច់មាន់ អាចជួយក្នុងការសម្រកទម្ងន់ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៕