(ភ្នំពេញ)៖ ដូចលោកអ្នកបានដឹងហើយថាមនុស្សក្នុងសង្គមសាំមឺ (Sumerian) បានបង្កើតអក្សរ និងប្រព័ន្ធសំណេរមុនគេបង្អស់ ប៉ុន្តែប្រព័ន្ធសំណេរដំបូងនោះ គឺជាប្រព័ន្ធសំណេរតាមបែបអក្សររូប ប៉ុន្តែមិនអាចប្រើឱ្យបានគ្រប់បរិបទនោះឡើយ ទើបក្រោយមកគេក៏បានរកវិធីងាយស្រួលជាងនេះ រហូតដល់បានរកឃើញប្រព័ន្ធសំណេរថ្មីមួយទៀត គឺប្រព័ន្ធសំណេរតាមបែបអក្ខរក្រម ដែលយើងនិយមប្រើប្រាស់រហូតដល់សព្វថ្ងៃ។

* តើប្រព័ន្ធសំណេរតាមបែបអក្ខរក្រមនេះ មានប្រភពមកពីណា?

ប្រព័ន្ធសំណេរតាមបែបអក្ខរក្រម ឬ Alphabet នេះ គឺជាមរតកដែលបានបន្សល់ទុកដោយអ្នកស្រុកស្វីនិក ឬហ្វីនីស៉ី (Phoenicians) ដែលជាប្រព័ន្ធសំណេរមួយបែប មានតែព្យញ្ជនៈ ស្រះ និងវណ្ណយុត្តមួយចំនួនប៉ុណ្ណោះ ពោលគឺមិនពិបាកប្រើប្រាស់ដូចប្រព័ន្ធសំណេរតាមបែបអក្សររូបនោះឡើយ។ សម្រាប់មនុស្សសម័យបុរាណ ការរកឃើញថ្មីរបស់អ្នកស្រុកស្វីនិកខាងលើនេះ វាបានជួយអភិវឌ្ឍដល់ការសរសេរឱ្យកាន់តែមានភាពងាយស្រួលជាពេលមុនឆ្ងាយណាស់។

ការប្រើប្រាស់ប្រព័ន្ធសំណេរតាមបែបអក្ខរក្រម គឺប្រើដូចពេលបច្ចុប្បន្ននេះឯង ដោយយើងគ្រាន់តែយកព្យញ្ជនៈ ស្រះ និងវណ្ណយុត្ត មកប្រកបបញ្ចូលគ្នា វានឹងបង្កើតបានជាព្យាង្គ ឬពាក្យទៅតាមតម្រូវការ ខណៈប្រព័ន្ធសំណេរតាមបែបអក្សររូប គឺតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវតែចំណាំរូបរាងរបស់អក្សរនីមួយៗ ដូចជាអក្សររូបនៅអេហ្ស៉ីបបុរាណជាដើម។

តាមពិតទៅ តួអក្សរដែលយើងប្រើប្រាស់ក្នុងភាសាអង់គ្លេសសព្វថ្ងៃនេះ គឺមានឫសគល់ចេញពីទម្រង់អក្ខរក្រមរបស់ពួកស្វីនិក ឬហ្វីនីស៉ីនេះឯង គ្រាន់តែពីមួយជំនាន់ទៅមួយជំនាន់ មានការប្រែប្រួលរូបរាងនៃតួអក្សរខ្លះ ក្នុងគោលបំណងធ្វើឱ្យងាយចងចាំ ងាយសិក្សា ងាយសរសេរតែប៉ុណ្ណោះ។

គួរជម្រាបថា អារ្យធម៌ក្រោយៗមកទៀត រួមទាំងអារ្យធម៌ឥណ្ឌា ក្រិក រ៉ូម បារាំង អង់គ្លេស ក៏ដូចជាអារ្យធម៌ខ្មែរយើងផងនោះ ក៏សុទ្ធសឹងតែប្រើប្រាស់ប្រព័ន្ធសំណេរតាមបែបអក្ខរក្រមនេះដូចគ្នា គ្រាន់តែភាសាមានសូរសំឡេងខុសគ្នា រីឯតួអក្សរនីមួយៗមានរូបរាងផ្សេងគ្នាប៉ុណ្ណោះ៕