(ឥណ្ឌា)៖ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថា បានផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដើម្បីស្វែង រកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី ដែលវាជាផ្នែកមួយនៃការជំរុញលទ្ធភាពនៃការលក់រថយន្តរបស់លោក Elon Musk ឱ្យបានច្រើន និងស្របពេលដែលរដ្ឋាភិបាលឥណ្ឌាបានស្នើឱ្យ Tesla បើករោងចក្រនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្នើសុំនេះអាចនឹងបរាជ័យ ព្រោះថាលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានដាក់ចេញនូវច្បាប់ថ្មី ដោយបង្កើនតម្លៃពន្ធក្នុងការនាំចូលចូល ក្នុងគោលបំណង ជំរុញផលិតផលក្នុងស្រុក ហើយសម្រាប់ Tesla អាចនឹងមានលក្ខខណ្ឌពិសេសសម្រាប់ការដោះដូរវិញ។

មិនមែនមានតែក្រុមហ៊ុន Tesla មួយប៉ុណ្ណោះទេ ដែលបានស្នើសុំរដ្ឋាភិបាលឥណ្ឌាឱ្យមានការបន្ថយពន្ធលើការនាំចូលរថយន្តនោះ ដោយ កន្លងមកថ្មីៗនេះមានក្រុមហ៊ុនផលិតរថយន្តទំនើបៗជាច្រើនបានស្នើសុំដូចគ្នា ប៉ុន្តែត្រូវបានរដ្ឋាភិបាលឥណ្ឌាច្រានចោល និងបានឱ្យពួកគេ មកបើករោងចក្រនៅក្នុងប្រទេសរបស់ខ្លួនវិញ។

តម្លៃពន្ធនាំចូលរថយន្តនៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្នគឺមានតម្លៃ ៦០ភាគរយសម្រាប់រថយន្តដែលមានតម្លៃក្រោម ៤ម៉ឺនដុល្លារ អាមេរិក និង ១០០ភាគរយសម្រាប់រថយន្តដែលមានតម្លៃលើសពី ៤ម៉ឺនដុល្លារអាមេរិក។

Tesla បានចុះបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌាកាលពីខែមករាកន្លងទៅនេះ និងបានប្រកាសស្វែងរក បុគ្គលិកបម្រើការងារ ខណ:ទីតាំង Showroom នៅមិនទាន់មាន។

គួរបញ្ជាក់ផងដែរថា លោក Narendra Modi ធ្លាប់បានអំពាវនាវឱ្យលោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla ពិចារណា បង្កើត រោងចក្រនៅក្នុងប្រទេសឥណ្ឌា ដោយលោក Narendra Modi បានសន្យាថានឹងជួយសម្រួលដល់ការប្រតិបត្តិការ ជាពិសេសគឺតម្លៃ នៃ កម្លាំងពលកម្មគឺទាបជាប្រទេសផ្សេងៗ ជាពិសេសគឺទាបជាងប្រទេសចិន (ចំពេលឥណ្ឌា និងចិនកំពុងមានជម្លោះព្រំដែន) ខណ:ដែល Tesla គ្រោងបង្កើតរោងចក្រថ្មីបន្ថែមទៀតនៅអាស៊ី៕