(មេនឆេស្ទើ)៖ លោក Ole Gunnar Solskjaer បានសម្រេចបន្តកិច្ចសន្យាថ្មីធ្វើគ្រូបង្វឹកដឹកនាំក្លិបបិសាចក្រហម Manchester United ដល់បំណាច់ឆ្នាំ២០២៤ ក្រោយចូលកាន់តំណែងនេះបានតាំងពីឆ្នាំ២០១៩ មក។

លោក Ole ដែលជាអតីតខ្សែប្រយុទ្ធនៃក្លិបប្រចាំទីក្រុង Manchester ប្រទេសអង់គ្លេសមួយនេះបានបង្ហាញអារម្មណ៍រីករាយជាខ្លាំងផងដែរតាមរយៈការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ ដែលបន្តរួមជាមួយបិសាចក្រហមនៅទឹកដី Old Trafford ដល់ឆ្នាំ២០២៤ ខាងមុខបែបនេះ។

បុរសសញ្ជាតិន័រវេស វ័យ ៤៨ឆ្នាំខាងលើនេះ ក៏ជាអតីតដែលស៊ុតគ្រាប់ជ័យជម្នះឲ្យ Man Utd កាលឈ្នះជើងឯក UEFA Champions League នាឆ្នាំ១៩៩៩ ផងដែរ ដ្បិតរូបលោកបានធ្វើជាគ្រូបណ្តោះអាសន្ននៅក្លិបនេះរយៈពេល ៣ខែទើបក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធិតែម្តង។

លោក Ole បានដឹកនាំ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ Premier League និងរងជើងឯកពានទី២ អឺរ៉ុប UEFA Europa League កាលពីរដូវកាលមុន ដ្បិតមិនបានឈ្នះពានអ្វីក៏ដោយ តែប្រធានក្លិបនេះនៅតែពេញចិត្តពេញថ្លើបចំពោះជំនាញដឹកនាំរបស់លោកដដែល។

មុនបន្តកិច្ចសន្យាថ្មីនេះដែរ លោក Ole ក៏បាននាំចូលកីឡាករថ្មីដំបូងគេ ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២១-២០២២ ផងដែរ នោះគឺខ្សែបម្រើស្លាប Jodan Sancho មកពីក្លិបអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃទិញផ្តាច់ ៧៣លានផោន៕