(ប៉ារីស)៖ កីឡាករអន្តរជាតិហូឡង់ Georginio Wijnaldum បានទម្លាក់មូលហេតុនៃការមិនព្រមចុះកិច្ចសន្យាថ្មីលេងឲ្យក្លិបហង្សក្រហម Liverpool ទៀត និងសម្រេចចិត្តចាកចេញតែម្តង ក៏ព្រោះតែគេមានអារម្មណ៍ឯកោ និងមិនត្រូវបានកោតសរសើរឡើយពីក្លិបនាពេលកន្លងមក។

ខ្សែបម្រើវ័យ ៣០ឆ្នាំខាងលើនេះបានថ្លែងប្រាប់ BBC ថា «កន្លងមករូបខ្ញុំមានអារម្មណ៍ថា មិនត្រូវបានគេស្រឡាញ់ចូលចិត្ត និងកោតសរសើរពីទម្រង់លេងរបស់ខ្ញុំទេ ដ្បិតក្លិបឈ្នះពាន UEFA Champions League មុនពាន Premier League ក៏ដោយ»

Wijnaldum បានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៦ នៅពេលហង្សក្រហមទិញពីក្លិបរួម Premier League, សារិកាព្រៃ Newcastle United ត្រឹមតែ ២៥លានផោនតែប៉ុណ្ណោះ មុនបន្តចេញពីទឹកដី Anfield ទៅកាន់ក្លិបបារាំង ក្រោយចប់កិច្ចសន្យាជាមួយ Liverpool នៅបំណាច់រដូវកាលឆ្នាំ២០២០-២០២១។

Wijnaldum បានចូលលេង ២៣៧ប្រកួតសម្រាប់ Liverpool ដែលជួយឲ្យឈ្នះពានធំ២ មុនការចាកចេញដោយគ្មានក្តីស្រណោះនោះគឺពានអឺរ៉ុប UEFA Champions League នៅឆ្នាំ២០១៩ និងពាន Premier League នៅឆ្នាំ២០២០៕