(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon ត្រូវបានគេដឹងថា កំពុងតែបោះជំហានទៅមុនមួយជំហានទៀត តាមរយ: ការ ពង្រីកវិសាលភាពនៃការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ក្រុមហ៊ុន Amazon បានប្រកាសស្វែងរកអ្នកជំនាញខាង Digital Currency និង Blockchain ដើម្បីមកបម្រើការងារនៅក្នុងក្រុម Payments Team ប៉ុន្តែពុំមានព័ត៌មានលម្អិតអំពីលក្ខខណ្ឌ ឬតម្រូវការនៃការចង់បានមនុស្សជំនាញនេះឡើយ ដោយគ្រាន់តែដឹងថា ប្រតិបត្តិការរូបិយប័ណ្ណឌីជីថលអាចនឹងមាននៅលើ Amazon ឆាប់ៗនេះ។

អ្នកនាំពាក្យរបស់ Amazon បានថ្លែងឱ្យដឹងថា «យើងត្រូវបានបំផុសគំនិតច្នៃប្រឌិតឱ្យកើតមានឡើងនៅចន្លោះរវាង រូបិយប័ណ្ណឌីជីថល និងលទ្ធភាពដែលអាចទៅរួច (ឱកាស) សម្រាប់ Amazon។ យើងជឿជាក់ថា បច្ចេកវិទ្យាថ្មីៗជាច្រើនទៀតនឹងត្រូវបង្កើតឡើងសម្រាប់ ពេល អនាគត ជាពិសេសគឺការទូទាត់ប្រាក់រហ័ស ទំនើប និងមានតម្លៃថោក ហើយយើងសង្ឃឹមថានឹងនាំអនាគតនៃបច្ចេកវិទ្យាទាំងនោះ ទៅកាន់ដល់អតិថិជន Amazon ឆាប់ៗតាមលទ្ធភាពដែលអាចធ្វើទៅបាន»

ត្រង់ចំណុចនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុន Amazon អាចនឹងបង្កើតរបៀបនៃការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ បែបថ្មី ដោយប្រើប្រាស់នូវរូបិយប័ណ្ណឌីជីថល ឬអាចបង្កើតនូវរូបិយប័ណ្ណឌីជីថលថ្មីសម្រាប់ចាយនៅលើ Amazon តែម្ដង ខណ:ដែល Facebook បានប្រកាសបង្ហាញរូបិយប័ណ្ណឌីជីថលរបស់ខ្លួនដែលមានឈ្មោះថា «Diem» និងស្របពេលដែល bitcoin បាននិងកំពុង ក្លាយជារូបិយប័ណ្ណឌីជីថលដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ន៕