(ភ្នំពេញ)៖ សមាជិកគ្រួសាររបស់លោក ឃួន ឡាបូរ៉ាវី មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិផងនោះចំនួន ៦រូបដែលបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៤ ខែកក្កដាកន្លងទៅបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញហើយ ក្រោយសម្រាកព្យាបាលអស់រយៈពេល ១៣ថ្ងៃនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្រែកព្នៅ។

លោក ឃួន ឡាបូរ៉ាវី បានប្រាប់ក្រុមការងារ Fresh News Plus នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា បច្ចុប្បន្នសមាជិកគ្រួសាររបស់ខ្លួន ៦នាក់ក្នុងចំណោម ១០នាក់ ដែលរស់នៅក្រោមដំបូលផ្ទះតែមួយ ហើយបានរកឃើញជំងឺកូវីដ-១៩ នោះបានជាសះស្បើយទាំងអស់គ្នាហើយ ហើយក៏បានត្រឡប់មកដល់ផ្ទះវិញដែរ ដែលកំពុងរៀបចំស្នាក់នៅដាច់ដោយឡែក និងធ្វើចត្ដាឡីស័ក ១៤ថ្ងៃទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា «ឥឡូវនេះ ពួកគាត់ជាទាំងអស់គ្នាហើយ ៦នាក់មានភរិយា និងកូនខ្ញុំ ២នាក់, ប្អូនថ្លៃខ្ញុំ ២នាក់ និងតាខ្ញុំម្នាក់ បន្ទាប់ពីពួកគាត់សម្រាកព្យាបាលអស់រយៈពេល ១៣ថ្ងៃ។ បច្ចុប្បន្នពួកគាត់បានមកដល់ផ្ទះ តែយើងបានរៀបចំការស្នាក់នៅដាច់ដោយឡែក មានន័យថា ធ្វើចត្ដាឡីស័ក ១៤ថ្ងៃទៀត។ សម្រាប់ពួកខ្ញុំដែលជាប់ពាក់ព័ន្ធជាមួយពាក់គាត់ ហើយបានធ្វើតេស្ដអវិជ្ជមានលើកទី១ នឹងត្រូវធ្វើតេស្ដលើកទី២ ស្អែកនេះ ដើម្បីពួកខ្ញុំអាចចេញក្រៅបាន បើសិនពួកខ្ញុំទទួលបានលទ្ធផលអវិជ្ជមានទៀត»

អតីតកីឡាករព្រះខ័នរាជស្វាយរៀង និងបឹងកេតដដែលបានបន្ដថា «អំឡុងពេលសម្រាកព្យាបាលជំងឺកូវីដនេះ ពួកគាត់អត់មានធ្វើទុកអ្វីធ្ងន់ធ្ងរនោះទេ ព្រោះសម្រាប់អ្នកគ្រប់អាយុចាក់វ៉ាក់សាំង ពួកគាត់បានចាក់គ្រប់គ្នា។ ដូច្នេះឆ្លៀតឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួន និងត្រូវគោរពជានិច្ចនូវវិធានការ ៣ការពារ និង ៣កុំ ហើយសម្រាប់អ្នកពុំទាន់ចាក់វ៉ាក់សាំង សូមរួសរាន់ចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ និងការពារជំងឺនេះ ទោះបីឆ្លងក៏ពួកយើងងាយព្យាបាល និងឆាប់ជាសះស្បើយដែរ»