(ញូវយ៉ក)៖ ក្រុមបាល់ទាត់ជម្រើសជាតិកាតា មិចស៊ិក កាណាដា និងម្ចាស់ផ្ទះអាមេរិក សុទ្ធសឹងតែបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់ប្រចាំតំបន់អាមេរិកខាងជើង CONCACAF Gold Cup 2021 លើកទី១៦ ដូចគ្នា បន្ទាប់ពីទម្លាក់គូប្រជែងពីក្នុងវគ្គ ៨ក្រុមចុងក្រោយ។

កាតា ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2022 ស្ថិតក្នុងទ្វីបអាស៊ីនោះ ត្រូវបានសហព័ន្ធ CONCACAF អញ្ជើញឲ្យចូលរួម ដើម្បីបង្រ្គប់វគ្គ ១៦ក្រុមចែកចេញជា ៤ពូលនោះ បានទម្លាក់ក្រុមជម្រើសជាតិអេលសាវ៉ាឌ័រ (El Salvador) ក្នុងលទ្ធផល ៣-២ នៃការប្រកួតដែលត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅមុនពេលមិចស៊ិក ដែលក្រុមការពារតំណែងជើងឯកនោះ បានបំបាក់ហុងឌូរ៉ាស់ ៣-០។

ដូចគ្នានោះដែរ ២ប្រកួតបញ្ចប់វគ្គ ៨ក្រុមចុងក្រោយដែលត្រូវបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា (ម៉ោងនៅកម្ពុជា) នេះ កាណាដាបានទម្លាក់កូស្តារីកាដោយស្រួល ជាមួយនឹងលទ្ធផល ២-០ នៅមុនពេលម្ចាស់ផ្ទះអាមេរិកបានយកឈ្នះចាម៉ៃកាទាំងលំបាកដោយលទ្ធផលផ្លូវការ ១-០ ចុងម៉ោងនៃវគ្គទី២។

តែយ៉ាងណា អាមេរិកត្រូវឡើងទៅប៉ះកាតា គ្រាដែលកាណាដា ត្រូវប៉ះគូប្រជែងមិចស៊ិកក្នុងវគ្គចាញ់-ធ្លាក់ជាបន្តទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅមុនពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០១ ខែសីហា៕