(តូក្យូ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Andre-Pierre Gignac ដែលលើសអាយុត្រូវបានជ្រើសរើសចេញពីក្លិបមិចស៊ិក Tigres នោះ ធ្វើបានហែតទ្រីក (៣គ្រាប់) ម្នាក់ឯងក្នុងយុទ្ធនាការអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនប្រភេទកីឡាបាល់ទាត់ នៅពេលយកឈ្នះគូប្រជែង U23 របស់អាហ្រ្វិកខាងត្បូងក្នុងលទ្ធផល ៤-៣ នាថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

U23 បារាំងដែលស្ថិតក្នុងពូល A ក្នុងចំណោម ១៦ក្រុមនៃកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសអាយុក្រោម ២៣ឆ្នាំនៅព្រឹត្តិការណ៍ Tokyo Olympic Games លើកទី៣២ ទើបរកបាន ៣ពិន្ទុដំបូង នៅពេលបរាជ័យក្រោមថ្វីជើងរបស់ U23 មិចស៊ិកស្ពឹកមុខក្នុងលទ្ធផល ៤-១ នៅថ្ងៃបើកឆាកកាលសប្តាហ៍មុន។

Gignac ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះ រកបានគ្រាប់ទី១ របស់គេនៅនាទី៥៧ ក្នុងវគ្គទី២ ដែលជាគ្រាប់តាមស្មើ ១-១ ពីការរកបានគ្រាប់នាំមុខឲ្យអាហ្វ្រិកខាងត្បូងនៅនាទី៥៣ របស់កីឡាករ Kabamelo Kodisang និងគ្រាប់ទី២ នាំមុខជាថ្មីរបស់មិត្តរួមក្រុម Evidence Makgopa នៅនាទី៧២។

តែយ៉ាងណា Gignac ដែលរកបាន ១គ្រាប់ដោយបាល់ ១១ម៉ែត្រពេលលេងចាញ់មិចស៊ិក ៤-១ នោះ ក៏ព្យាយាមវាយបករហូតរកបាន ២គ្រាប់ទៀតដែលគ្រប់ hat trick ផងនោះនៅនាទី៨១ និងនាទី៨៦ ដោយបាល់ប៉េណាល់ទី និងគ្រាប់ជ័យជម្នះរកបាន ៣ពិន្ទុធ្វើបានសម្រេចដោយកីឡាករ Teji Savanier នៅនាទី៩០+២ ក្រោយពេល Teboho Mokoena រកបានគ្រាប់នាំមុខជាលើកទី៣ ឲ្យអាហ្រិកខាងត្បូងនោះ។

៣ពិន្ទុដ៏សំខាន់នេះដែរ បានធ្វើឲ្យក្រុមយុវជនអាយុក្រោម ២៣ឆ្នាំបារាំងឈរនៅលេខ៣ ប្រចាំពូល A ជាបណ្តោះអាសន្នផងដែរស្មើនឹង U23 មិចស៊ិកដែលបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ២-១ នៅថ្ងៃអាទិត្យជាមួយគ្នាឈរនៅលេខ២ និង U23 ជប៉ុនកក់កៅអីឡើងទៅវគ្គ ៨ក្រុម បន្ទាប់ពីឈ្នះ ២ប្រកួតជាប់គ្នា ក្រោយពេលឈ្នះអាហ្វ្រិកខាងត្បូង ១-០ កាលពីថ្ងៃបើកឆាក៕