(កូរ៉េ)៖ តារាចម្រៀង និងជាតារសម្តែងល្បីឈ្មោះរបស់កូរ៉េ លេចវត្តមានសម្តែងក្នុងរឿង «The Sound of Magic» របស់ Netflix គឺលោក Ji Chang Wook ត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ នេះបើតាមការចេញ ផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
បើតាមប្រភពពី Glorious Entertainment ដែលជាផលិតកម្មរបស់ Ji Chang Wook ផ្ទាល់ បានរាយការណ៍នៅថ្ងៃនេះថា តារាប្រុសរូបនេះពិតជាត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩មែន ខណៈបច្ចុប្បន្នកំពុងអនុវត្តន៍តាមវិធានការសុខាភិបាល និងកំពុងដាក់នៅដាច់ដោយឡែក។ បន្ថែមពីនេះ សម្រាប់សមាជិក និងក្រុមការងារផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធ ជាមួយតារាប្រុសរូបនេះ កំពុងត្រូវបានបញ្ជូនទៅធ្វើតេស្តរកកូវីដ-១៩ ជាបន្តបន្ទាប់។
គួរជម្រាបថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកសិល្បៈក្នុងវិស័យ K-POP ជាបន្តបន្ទាប់ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ តែយ៉ាងណា សម្រាប់លក្ខខណ្ឌរបស់តារាល្បី Ji Chang Wook នៅមិនទាន់មានព័ត៌មានណាបញ្ជាក់ថា លោកបានឆ្លងពីប្រភពណាមួយឡើយ៕