(ឡុងដ៏)៖ James Middison កំពុងទទួលបានភ្លើងខៀវក្នុងការផ្ទេរចេញពីក្លិប Leicester City នៅពេលដែល Arsenal មានភាគរយខ្ពស់ជាងគេ ក្នុងការចុះកិច្ចសន្យានាំយករូបគេនៅទីផ្សារដោះដូរទៅកាន់កីឡដ្ឋាន Emirates ដែលក្លិបនេះកំពុងតែស្វិតស្វាញក្នុងការស្វែងរកកីឡាករមកពង្រឹងតំបន់បម្រើលើទីលាន សម្រាប់រដូវកាល Premier League ២០២១-២០២២។

James Maddison កំពុងស្ថិតក្នុងជម្រើសល្អមួយរបស់កាំភ្លើងធំ Arsenal សម្រាប់រដូវកាលថ្មីខាងមុខនេះនៃលីគអង់គ្លេស Premier League ខណៈស្ថិតិរបស់ Maddison កាលពីរដូវកាលមុនរកបាន ១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតសម្រេចបាន ១០លើកឲ្យក្រុម Leicester City បើទោះបីជាខកខានប្រកួតមួយចំនួន ដោយសាររបួសក៏ដោយ នៅពេលដែលរូបគេក៏បានជាប់ជម្រើសលេង Euro 2020 របស់លោក Gareth Southgate នោះដែរ។

Maddison ជាជម្រើសល្អមួយរបស់ Arsenal ដែលស្វែងរកខ្សែបម្រើដែលមានបទពិសោធ ខណៈរូបគេជាបុគ្គលល្អដែលក្លិបកាំភ្លើងធំដឹកនាំដោយលោក Arteta ខកខាននាំយក Martin Odegaard ដែលខ្ចីជើងពីក្លិបអេស្ប៉ាញ Real Madrid រដូវកាលមុន គ្រាដែលរបាយការណ៍បានមួយបង្ហាញថា ការផ្ទេរយក Maddison គឺជាជម្រើសដ៏ខ្ពស់មួយរបស់ Arsenal ដែលជាគូប្រជែងនៅក្របខណ្ឌអង់គ្លេស៕