(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើបរបស់អាល្លឺម៉ង់ Daimler AG ដែលត្រូវបានមនុស្សភាគច្រើនស្គាល់ថា Mercedes-Benz បានប្រកាសបង្ហាញពីគម្រោងវិនិយោគក្នុងទឹកប្រាក់មួយដ៏ធំលើការផលិតរថយន្តអគ្គិសនី។

យោងតាមសារព័ត៌មានចិន CGTN ចេញផ្សាយនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា Mercedes-Benz គ្រោងបោះទុនវិនិយោគនូវទឹកប្រាក់ ៤០ពាន់លានអ៊ឺរ៉ូ ប្រមាណ ៤៧ពាន់លានដុល្លារអាមេរិក ក្នុងការផលិតរថយន្តអគ្គិសនី ដោយទឹកប្រាក់នេះនឹងត្រូវចំណាយគិតត្រឹមឆ្នាំ២០៣០។

ក្រុមហ៊ុនមួយនេះបានប្រកាសថា ទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្នកំពុងតែមានការប្រកួតប្រជែងខ្លាំង ដោយក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានចាប់ផ្ដើមងាកមកផលិតរថយន្តអគ្គិសនី ខណៈដែល Tesla កំពុងតែនាំមុខគេនៅក្នុងទីផ្សារមួយនេះ។

Mercedes-Benz ក៏បានព្រមានផងដែរថា ត្បិតតែរថយន្តអគ្គិសនី គឺជាតម្រូវការខ្ពស់សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន និងអនាគតក្ដី ប៉ុន្តែបដិវត្តន៍នៃបច្ចេកវិទ្យានឹងធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម ជាក់ស្តែងវិបត្តិកង្វះបន្ទះឈីបបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សាររថយន្តជាសកល។

ដើម្បីយកឈ្នះទីផ្សារមួយនេះ ក្រុមហ៊ុន Mercedes-Benz បានសហការជាមួយនឹងក្រុមហ៊ុនផលិតថ្ម សម្រាប់រថយន្តអគ្គិសនីចំនួន ៨ ដើម្បីបំពេញឲ្យទាន់តម្រូវការនៅក្នុងសង្វាក់ផលិតកម្មនៃការផលិតរថយន្តអគ្គិសនី ហើយចាប់ពីឆ្នាំ២០២៥ទៅ ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ នឹងផលិតតែរថយន្តអគ្គិសនីមួយមុខប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Volvo បានប្រកាសថាចាប់ពីឆ្នាំ២០៣០ ទៅខ្លួននឹងផលិតតែរថយន្តអគ្គិសនីមួយប៉ុណ្ណោះ ខណៈ General Motors Co (GM) បានអះអាងដូចគ្នាថា ចាប់ពីឆ្នាំ២០៣៥ ខ្លួននឹងផលិតតែរថយន្តអគ្គិសនីសុទ្ធ៕