(បារាំង)៖ ខណៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ កំពុងតែរីករាលដាលខ្លាំង ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅលើពិភពលោក ដែលអាចបង្កជាហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋទូទៅផងនោះ ងាកមកតារាចម្រៀងល្បី ខេម ឯណេះវិញ កាលពីសប្តាហ៍មុនលោកបានសម្រេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសបារាំង ទាំងក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល។ ប៉ុន្តែចំពោះដំណើរឆ្លងទ្វីប ធ្វើឲ្យអ្នកគាំទ្រមានក្តីបារម្ភនេះ ត្រូវបានតារាចម្រៀង ខេម បញ្ជាក់ប្រាប់ពីមូលហេតុចាំបាច់សំខាន់ៗមួយចំនួន ដែលតម្រូវឲ្យលោកហោះទៅកាន់ប្រទេសបារាំង ទាំងក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ទៅកាន់អ្នកគាំទ្រ ដើម្បីឲ្យអស់ចម្ងល់។

ថ្លែងប្រាប់ Fresh News Plus ពីប្រទេសបារាំង តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានប្រាប់ពីហេតុផលសំខាន់ៗមួយចំនួន ដែលធ្វើឲ្យលោកចាំបាច់ត្រូវហោះទៅកាន់ប្រទេសបារាំង ទាំងក្នុងដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាបងប្អូនដែលធ្លាប់ស្គាល់តារាចម្រៀងរូបនេះ អស់ក្តីកង្វល់ចំពោះរូបលោក។ លោក ខេម បាននិយាយថា ហេតុផលសំខាន់ៗដែលធ្វើឲ្យលោក ទៅកាន់ប្រទេសបារាំង គឺទី១ ដោយសារតែលោកត្រូវឆែកសុខភាព នៅក្នុងប្រទេសបារាំងមួយឆ្នាំម្តង ពោលគឺលោកត្រូវឆែករាល់ឆ្នាំ។

ចំណែកហេតុផលទី២ គឺលោកត្រូវទៅមើលហាងមួយកន្លែង ដែលគេប្រកាសលក់នៅក្នុងប្រទេសបារាំង ដោយលោកអាចនឹងចូលហ៊ុនរកស៉ីជាមួយបងប្រុសរបស់ខ្លួននៅទីនោះ។ លោកអះអាងថា ក្នុងដំណាក់កាលកូវីដ-១៩ នេះគឺតម្លៃលក់អាចមានលក្ខណៈធូរថ្លៃ ហើយប្រសិនបើលោកទិញបាន គឺរូបលោកនឹងបងប្រុសអាចសហការគ្នា បើកហាងនេះនៅបារាំងតែម្តង។

ដោយឡែកហេតុផលទី៣ គឺលោកត្រូវនាំគូដណ្តឹងរបស់ខ្លួន ទៅលេងសាច់ញាតិបងប្អូននៅក្នុងប្រទេសបារាំង ខណៈដែលកន្លងទៅរយៈពេល២ឆ្នាំមកហើយ គូដណ្តឹងរបស់លោកមិនបានជួបមុខម្តាយ និងបងប្អូននៅទីនោះ។

តារាចម្រៀងសំនៀងស្អក ខេម បានបញ្ជាក់ទៀតថា រូបលោកដឹងច្បាស់អំពីស្ថានភាពហានិភ័យនៃជំងឺកូវីដ-១៩ ប៉ុន្តែជាក់ស្តែង រូបលោកបានចាក់វ៉ាក់សាំងចំនួន២ដង រួចរាល់ហើយ ហើយការធ្វើដំណើរ ក៏លោកបានប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនបានយ៉ាងល្អ និងបានទៅដល់បារាំងប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា តារាចម្រៀង ខេម បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំង កាលពីសប្តាហ៍មុន ហើយតាមព័ត៌មានបង្ហើបឲ្យដឹងពីរូបលោក គឺអាចស្នាក់នៅទឹកដីអ៉ឺរ៉ុបមួយនេះ រយៈពេលប្រហែល១ខែទៅ២ខែ តាមស្ថានភាពការងារជាក់ស្ដែង ខណៈដែលការងារសិល្បៈនៅក្នុងប្រទេសកំណើតឯណេះវិញ គឺលោកទើបតែចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «សុំទោសខ្លួនឯង ថែខ្លួនឯងមិនល្អ»។ ជាមួយគ្នានេះ ប្រសិនបើមានការងារចាំបាច់ នៅក្នុងផលិតកម្ម Galaxy Navatra ដែលតម្រូវឲ្យលោកថតសំឡេង គឺលោកអាចធ្វើបានតាមប្រព័ន្ធអ៉ីនធើណែតពីប្រទេសបារាំងមក ដោយមិនឲ្យរាំងស្ទះការងារនោះឡើយ៕