(ក្រុងឡុងដ៍)៖ លោក John Terry បានលាឈប់ពីតំណែងជំនួយការគ្រូបង្វឹកក្នុងក្លិប Aston Villa ជាផ្លូវការហើយ ដើម្បីស្វែងរកក្លិបថ្មីដឹកនាំវិញ។

Terry ដែលជាអតីតខ្សែការពារដ៏រឹងមាំរបស់តោខៀវ Chelsea នោះ ធ្លាប់ចូលលេងឲ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបាន ៧៨ប្រកួត និងឈ្នះពាន Premier League និងពាន FA Cup បាន ៥ដងជាមួយ Chelsea រួមទាំងពានធំ UEFA Champions League កាលឆ្នាំ២០១២ ទៀតផង។

បុរសវ័យ ៤០ឆ្នាំខាងលើនេះបានធ្វើជាជំនួយការគ្រូបង្វឹករបស់លោក Dean Smith ក្នុងក្លិប Aston Villa នៅឆ្នាំ២០១៨ និងក៏បានជួយក្លិបនេះឡើងមកលេងនៅលីគកំពូលអង់គ្លេស Premier League នៅឆ្នាំបន្ទាប់ផងដែរ។

ការលាលែងពីតំណែងជំនួយការនេះដែរ ត្រូវបានធ្វើឡើងនៅពេល John Terry ត្រូវបានទាក់ទងឲ្យទៅដឹកនាំក្លិប AFC Bournemouth និង Celtic កាលពីខែកុម្ភៈ ឆ្នាំ២០២១ នេះផងដែរ៕