(អាមេរិក)៖ បណ្តាអ្នកគាំទ្ររបស់តារាចម្រៀង Jennie សមាជិក BLACKPINK ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញរូបភាពជាច្រើនសន្លឹករបស់តារារូបនេះ ជាមួយតារាចម្រៀងជនជាតិកាណាដា Grimes ដែលគេស្គាល់ថា ជាគូស្នេហ៍របស់មហាសេដ្ឋី Elon Musk អំឡុងពេលអ្នកទាំងពីរទៅទស្សនានៅទីតាំងយានអវកាសរបស់ក្រុមហ៊ុន Space X។ ទន្ទឹមគ្នានេះ អ្នកលេងបណ្តាញសង្គម កំពុងតែមានមន្ទិលសង្ស័យជាច្រើន ពីមូលហេតុដែលតារាស្រីទាំងពីរទៅទស្សនាទីតាំងយានអវកាសនេះ។

នៅថ្ងៃច័ន្ទសប្តាហ៍នេះ Jennie សមាជិក BLACKPINK និង Grimes គូស្នេហ៍របស់ម្ចាស់ក្រុមហ៊ុន Space X និងម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះរូបភាពព្រមគ្នាតែម្តង នៅលើបណ្តាញសង្គម Instagram ពីសកម្មភាពរបស់អ្នកទាំងពីរឈរកាច់រាងពីក្រោមយានរបស់ ក្រុមហ៊ុន Space X ជាមួយសកម្មភាពយ៉ាងស្និទ្ធស្នាល។

ជុំវិញរូបភាពទាំងនេះ មានមតិជាច្រើនបានលើកឡើងលើបណ្តាញសង្គមថា ទំនងជាតារាស្រីទាំងពីរមានគម្រោងថតចម្រៀង ឬភាពយន្តនៅទីតាំងយន្តអវកាសនេះ? ខណៈមតិផ្សេងទៀតបានលើកឡើងថា អាចជាការថតផ្សាយពាណិជ្ជមានឲ្យក្រុមហ៊ុន Space X របស់លោក Elon Musk ដែលជាកំពូលមហាសេដ្ឋី មានគំនិតធ្វើទីផ្សារពិសេស មិនងាយមានអ្នកស្មានត្រូវ ខណៈអ្នកខ្លះបានលើកឡើងថា គ្រាន់តែជាការទៅកំសាន្តលេងប៉ុណ្ណោះ។

ទោះជាបែបនេះក្តី រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានប្រភពច្បាស់ការណាមួយ អះអាងពីមូលហេតុ ដែលតារាចម្រៀងទាំងពីរទៅកំសាន្តនៅទីតាំង យានរបស់ក្រុមហ៊ុន Space X នោះទេ៕