(អាមេរិក)៖ ថ្មីៗនេះមានសារព័ត៌មានអន្តរជាតិជាច្រើបានចេញផ្សាយថា ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស និងល្បីបំផុតនៅលើពិភពលោក Amazon គ្រោងនឹងទទួលយកការទូទាត់ប្រាក់ជារូបិយប័ណ្ណឌីជីថល bitcoin នៅក្នុងពេលឆាប់ៗខាង មុខនេះ ប៉ុន្តែព័័ត៌មាននេះត្រូវបាន Amazon ច្រានចោល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណឹងដែល បានលេចឮមកថា Amazon នឹងទទួលការទូទាត់ប្រាក់ជារូបិយប័ណ្ណឌីជីថល bitcoin គឺជាព័ត៌មានមិនពិតឡើយ។ អ្នកនាំពាក្យរបស់ Amazon បាននិយាយថា «យើងមានការចាប់អារម្មណ៍ទៅលើរូបិយប័ណ្ណឌីជីថល ប៉ុន្តែយើងមិនមានគម្រោងច្បាស់លាស់ណាមួយជាមួយនឹង វាឡើយ ហើយយើងសូមបញ្ជាក់ថាវាគឺជាព័ត៌មានមិនពិត»។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្ន Amazon គឺផ្ដោតសំខាន់ទៅលើអ្វីដែល ជាតម្រូវការរបស់អតិថិជន និងធ្វើយ៉ាងណាបំពេញ ឱ្យបានទៅតាមការចង់បានរបស់អតិថិជន ប៉ុន្តែមិនបានបញ្ជាក់ថា ការបង្ហោះស្វែងរកអ្នកមានជំនាញខាងរូបិយប័ណ្ណឌីជីថលនោះគឺដើម្បី គម្រោងអ្វីនោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយ:ពេលប៉ុន្មានម៉ោងចុងក្រោយនេះ រូបិយប័ណ្ណឌីជីថល bitcoin បានកើនឡើងតម្លៃហ៊ុនខ្ពស់ ជាពិសេសគឺ ចាប់តាំងពីលោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រកាសសាជាថ្មីថា Tesla ទំនងជាទទួលយករូបិយប័ណ្ណឌីជីថល bitcoin សម្រាប់ការទិញរថយន្ត បើសិនជាម្ចាស់ bitcoin នោះបញ្ជាក់ថាបានវាមកដោយមិនប៉ះពាល់ដល់បរិស្ថាន ក្រោម ៥០ភាគរយ៕