(តូក្យូ)៖ កីឡាការិនីឆ្នើមផ្នែកវាយកូនបាល់ជប៉ុន Naomi Osaka ធ្លាក់ចេញត្រឹមវគ្គ ១៦នាក់ចុងក្រោយ ពេលចាញ់គូប្រជែង Marketa Vondrousova របស់សាធារណៈរដ្ឋឆេក ដោយលំដាប់ពិន្ទុ ២សិតជាប់គ្នា នៅការប្រជែងមេដាយវិញ្ញាសាវាយកូនបាល់ទោលផ្នែកនារី ក្នុងកីឡាចម្រុះ Tokyo Olympic 2020 នៅក្នុងផ្ទះរបស់ខ្លួនដោយមិននឹកស្មានដល់។

នេះជាការជ្រុះចេញពី Tokyo Olympic Games 2020 លើកទី៣២ ដ៏លឿនបំផុតសម្រាប់កីឡាការិនីដែលឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោក តែបែរជាប្រកួតចាញ់ Vondrousova របស់សាធារណរដ្ឋឆេក ដែលឈរនៅលេខរៀងទី៤២ ពិភពលោកទៅវិញ។

Osaka ជាកីឡាការិនីឆ្នើមរបស់ជប៉ុន ដែលធ្លាប់ឈ្នះពានកម្រិតអាជីព (Grand Slam) Australian Open 2019 និងឆ្នាំ2021 រួមទាំងពាន US Open 2018 និងឆ្នាំ2020 ហើយទទួលបានលេខ៣ នៅកម្មវិធី French Open 2016, 2018 និងឆ្នាំ2019 ទៀតផង ខណៈដែលមុនឈានមកដល់វគ្គ ១៦នាក់នេះ Osaka បានយកឈ្នះ Viktorija Golubic អត្តពលិកស៊ុយអែត នៅវគ្គ ៣២នាក់។

ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស និងមេដាយសំរិទ្ធ លើប្រភេទវិញ្ញាសាវាយកូនបាល់ផ្នែកនារី (Tennis) នៅយុទ្ធនាការ Tokyo Olympic 2020 នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅប្រទេសជប៉ុនតែមួយគត់៕