(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសត្រៀមរៀបចំការប្រកួតផ្ទាល់ខ្លួននៅក្នុងឆមាសទី២ ឆ្នាំ២០២១ ក្នុងគោលបំណងសំខាន់ៗ២ ដោយឈរលើទិសដៅរួមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីប្រភេទកីឡាអូឡាំពិកនេះ គ្មានការប្រកួតសោះតាមសង្វៀនទូរទស្សន៍។ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការសហព័ន្ធ លោក ប៊ុយ សុភ័ណ្ឌ ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ កាលពីថ្មីៗ។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកំពុងកៀគរសប្បុរសជន និងក្រុមហ៊ុននានា ដើម្បីគាំទ្រដល់ផែនការរៀបចំការប្រកួតផ្ទាល់ខ្លួននេះ ដ្បិតសហព័ន្ធអាចនឹងរៀបចំការប្រកួតប្រចាំសប្ដាហ៍ ឬប្រចាំខែទៅតាមលទ្ធភាពថវិកា។ ចំពោះគោលដៅសំខាន់ក្នុងការប្រកួតនេះ ទី១-គឺការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិ និងទី២-អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «ទិសដៅការងារឆមាសទី២ ការងារសំខាន់របស់សហព័ន្ធ គឺយើងនឹងរៀបចំការប្រកួតអាចជាប្រចាំសប្ដាហ៍ ឬប្រចាំខែ អាស្រ័យទៅលើថវិកាដែលសហព័ន្ធអាចកៀគរ ក៏ដូចជាថវិកាដែលសហព័ន្ធទទួលបាន ដោយយើងធ្វើយ៉ាងណា យើងរៀបចំការប្រកួតផ្ទាល់ខ្លួនរបស់សហព័ន្ធ ដោយយើងមានជម្រើស២ ទី១-យើងអាចធ្វើការផ្សាយផ្ទាល់លើបណ្ដាញសង្គម (Facebook) ហើយបើយើងមានថវិកាគ្រប់គ្រាន់ យើងអាចឈានទៅដល់ការផ្សាយផ្ទាល់លើស្ថានីយ៍ទូរទស្សន៍ផងដែរ»

«ចំពោះគោលដៅនៃការរៀបចំនេះ ទី១-យើងផ្ដោតលើការពង្រឹងសមត្ថភាពរបស់ក្រុមជម្រើសជាតិ ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម ពិសេសស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ ទី២-យើងផ្ដោតលើការអភិវឌ្ឍន៍ និងពង្រឹងគុណភាពរបស់មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ក្នុងការវិនិច្ឆ័យពិន្ទុ ធ្វើយ៉ាងណាឲ្យពួកគាត់មានសមត្ថភាព ឈានឆ្ពោះទៅរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដូចគ្នា»។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម។

លោកសង្កត់ធ្ងន់ថា «បច្ចុប្បន្នដូចយើងបានដឹង ការប្រកួតប្រដាល់សកលតាមស្ថានីយ គឺមិនមានសោះ ដោយសារស្ថានីយទូរទស្សន៍បានបញ្ជាក់ថា មិនមានទីផ្សារ គឺមិនមានអ្នកគាំទ្រ ដូច្នេះគឺទាល់តែសហព័ន្ធមានអ្វីជារបស់ខ្លួន គឺតាមរយៈការបង្កើតការប្រកួតផ្ទាល់ខ្លួន ទើបយើងអាចឈានទៅដល់ការចាប់ដៃគូជាមួយស្ថានីយ។ ដូច្នេះសហព័ន្ធនឹងព្យាយាមធ្វើយ៉ាងណារៀបចំឲ្យបាននៅការប្រកួតប្រចាំសប្ដាហ៍ ឬប្រចាំខែឲ្យចេញ ដើម្បីជាជំហានដំបូងក្នុងការអភិវឌ្ឍកីឡាប្រដាល់សកលឆ្ពោះទៅរកភាពជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣»

សូមរំឮកថា កាលពីមុនប្រដាល់សកល ក៏មានរៀបចំការប្រកួតអមជាមួយប្រដាល់គុនខ្មែរ តាមសង្វៀនទូរទស្សន៍មួយចំនួនផងដែរ ប៉ុន្ដែមួយរយៈពេលធំចុងក្រោយ ប្រដាល់សកលបានបាត់មុខពីសង្វៀនទូរទស្សន៍ ពោលគឺមានត្រឹមការហ្វឹកហាត់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិប៉ុណ្ណោះ ដ្បិតប្រភេទកីឡាអូឡាំពិកនេះ គឺជាកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ក្នុងការស្វែងរកមេដាយលើឆាកអន្ដរជាតិជូនជាតិ ជាក់ស្ដែងស៊ីហ្គេម ៣លើកចុងក្រោយ ប្រដាល់សកលកម្ពុជា ដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធ ៦គ្រឿងឯណោះពីព្រឹត្តិការណ៍ប្រចាំតំបន់នេះ៕