(សៀមរាប)៖ ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានដំឡើងជណ្តើរឈើថ្មីចំនួនពីរទីតាំង គឺទី១ នៅទិសខាងត្បូង និងទី២ ទិសខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ដែលការងារនេះត្រូវបានបញ្ចប់រួចរាល់ហើយ។

ការដំឡើងជណ្តើរឈើនេះ ក្នុងគោលបំណងដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល ឬធ្លាក់ដោយយថាហេតុណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ និងរួមចំណែកការពារផលប៉ះពាល់ដល់ថ្មប្រាសាទជាដើម។

សូមបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ១៩ រីករាលក៏ពិតមែន កិច្ចការអភិរក្ស ការថែទាំ ជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែដំណើររហូតក្នុងន័យ ដើម្បីកិច្ចការលើកតម្កើងបេតិកភណ្ឌជាតិ៕