(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានការងារមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ក្នុងបំណងសំខាន់ដើម្បីត្រួតពិនិត្យការងារ និងឱ្យយោបល់ភ្លាមៗនៅនឹងកន្លែង ធ្វើយ៉ាងណាឱ្យការងារទាំងនោះប្រព្រឹត្តទៅដោយរលូន និងស្របតាមបច្ចេកទេសត្រឹមត្រូវ។

ជាចំណុចចាប់ផ្តើម លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការដ្ឋានការងារនៅប្រាសាទបាយ័ន បន្ទាប់មកទៅពិនិត្យគម្រោងកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ពន្ធមួយចំនួននៅបរិវេណមុខព្រះលានជល់ដំរី និងចុងក្រោយឱ្យយោបល់ការងារមួយចំនួននៅប្រាសាទអង្គរវត្ត។

លោកអគ្គនាយកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារជាប្រចាំ ពិសេសកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងកែលម្អរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរទៅមុខជាលំដាប់៕