(អាមេរិក)៖ កំពូលមហាសេដ្ឋីលំដាប់ទី១ និងជាស្ថាបនិកក្រុមហ៊ុន Blue Origin លោក Jeff Bezos បានសរសេរលិខិតជាសាធារណ: មួយទៅកាន់ទីភ្នាក់ងារស្រាវជ្រាវអវកាសអន្តរជាតិ (NASA) ដើម្បីបញ្ចុះតម្លៃ ២ពាន់លានដុល្លារ ប្រសិន បើ NASA យល់ព្រមប្រគល់គម្រោងផលិតយានចុះចតនៅលើភពព្រះច័ន្ទឱ្យមកក្រុមហ៊ុនខ្លួន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងលិខិតនោះបានបញ្ជាក់ថា ក្រុមហ៊ុន Blue Origin ធ្វើសំណើនេះឡើងមិនមែនចង់អូសបន្លាយពេលវេលាក្នុងការផលិតយានឡើយ ពោលគឺក្រុមហ៊ុនចង់ឱ្យ គោលបំណងរបស់រដ្ឋាភិបាលអាមេរិក ជាពិសេស NASA សម្រេចគោលដៅក្នុងការឡើងទៅកាន់ភពព្រះច័ន្ទ ។
ពាក់ព័ន្ធនឹងគម្រោងមួយនេះ NASA កាលពីខែមេសាកន្លងទៅនេះ បានប្រគល់ឱ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk ជាអ្នក ទទួល បន្ទុក ក្នុងកុងត្រាតម្លៃប្រមាណជា ២.៨៩ពាន់លានដុល្លារអាមេរិក ប៉ុន្តែការផ្ដល់កុងត្រាដល់ក្រុមហ៊ុន SpaceX នេះត្រូវបាន ក្រុមហ៊ុន Blue Origin និង Dynetics ធ្វើការតវ៉ា និងប្ដឹងជំទាស់។
លោក Jeff Bezos ក៏បានបញ្ជាក់នៅក្នុងលិខិតផងដែរថា NASA គួរតែរក្សានូវភាពដើម ឬរក្សានូវគោលការណ៍ដើម ដែលបានកំណត់ នោះគឺជាគោលការណ៍ប្រកួតប្រជែង។ ការនិយាយបែបនេះគឺត្រូវបានធ្វើឡើងក្រោយពេលលោក Jeff Bezos បានធ្វើដំណើរការកម្សាន្ត នៅទីអវកាសដោយជោគជ័យតាមរយ:យានរបស់ក្រុមហ៊ុន Blue Origin៕