(កូរ៉េ)៖ នៅពេលនេះវីដេអូចម្រៀងបែប Remix របស់ក្រុមចម្រៀងល្បី BTS ក្រោមចំណងជើងថា «MIC Drop» បានកើនចំនួនអ្នកចូលទស្សនារហូតដល់ ១ពាន់លានដង ក្នុងបណ្តាញសង្គម YouTube។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
បើតាមផលិតកម្មរបស់ BTS ផ្ទាល់បានឲ្យដឹងថា វីដេអូចម្រៀង «MIC Drop» ត្រូវបានបញ្ចេញជាលើកដំបូងក្នុង YouTube កាលពីខែ វិច្ឆិកា ឆ្នាំ២០១៧ ហើយគិតត្រឹមវេលាម៉ោង៧៖៤៦នាទីល្ងាច ថ្ងៃច័ន្ទសប្តាហ៍នេះ (ពេលវេលានៅកូរ៉េ) វីដេអូចម្រៀងមួយនេះបានកើនចំនួនអ្នកចូលទស្សនារហូតដល់១ពាន់លានដងក្នុង YouTube។
គួរជម្រាបថា នេះមិនមែនជាវីដេអូចម្រៀងទី១របស់ក្រុម BTS នោះទេ ដែលទទួលបានការចូលទស្សនាខ្ទង់ពាន់លានដងក្នុង YouTube ខណៈកន្លងទៅ គឺមានជាច្រើនបទរួចមកហើយ ដូចជាបទ «DNA» និងបទ «Boy with Luv» របស់ក្រុមនេះ បច្ចុប្បន្នមានអ្នកចូលមើលប្រមាណជាង ១.៣ពាន់លានដង និងបទ «Dynamite» មានអ្នកចូលមើលប្រមាណជាង ១.១ពាន់លានដងផងដែរ៕