(ឡុងដ៏)៖ ក្លិប Tottenham Hotspur បានសម្រេចការផ្ទេរកីឡាករ Toby Alderweireld ទៅកាន់ក្លិប Al Duhail នៃលីគប្រទេសកាតា ក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ ១៣លានផោន ខណៈក្លិបមាន់ខ្នាយមាសបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដែលកំពុងមានការផ្លាស់ប្តូរនៅទម្រង់ការពាររបស់ក្រុម ត្រៀមរដូវកាលថ្មី Premier League 2021-2022។

បុរសសញ្ជាតិប៊ែលហ្ស៊ិក Toby Alderweireld ជាខ្សែការពារត្រូវបានក្លិប Spurs នាំមកកាលឆ្នាំ២០១៥ ពីក្លិបអេស្ប៉ាញ Atletico Madrid ដោយមុនពេលព្រមព្រៀងទៅលេងនៅក្លិបស្ថិតនៅតំបន់មជ្ឈឹមបូពា៌ Al Duhail កីឡាកររូបនេះ បង្ហាញខ្លួនបាន ២៣៦ប្រកួតជាមួយក្លិបជើងឯករង Champions League 2018-2019 នៅពេលដែលរូបគេ សល់កិច្ចសន្យាដល់ឆ្នាំ២០២៣ នៅប្រទេសអង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Spurs បានលើកឡើងថា «យើងបានឈានដល់កិច្ចព្រមព្រៀងមួយនៃការផ្ទេរកីឡាករ Toby ហើយយើងសូមជូនពររូបគេ មានសំណាងល្អនាពេលអនាគត» ខណៈបុរសវ័យ ៣២ឆ្នាំបានបង្ហាញអារម្មណ៍វិញថា «អរគុណចំពោះអ្នកគាំទ្រ និងក្រុមការងាររួមទាំងបុគ្គលិកទាំងអស់នៃក្លិប។ ពិតណាស់កន្លងមកក្លិបនេះ គឺស្ថិតក្នុងបេះដូងខ្ញុំជានិច្ច»

ក្លិប Al Duhail ជាក្លិបទី៥ របស់ខ្សែការពារ Toby Alderweireld គ្រាដែលរូបគេធ្លាប់រួមចំណែកជួយ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ទទួលបានជើងឯករង រួមជាមួយពាន EFL Cup ហើយធ្លាប់លើកពានលីគហូឡង់ Eredivisie ៣សម័យកាលជាមួយក្លិប Ajax ទាំងពាន La Liga ជាមួយ Atletico Madrid កាលឆ្នាំ២០១៣-២០១៤ ទៀតផង៕