(តូក្យូ)៖ អត្តពលិកចំនួន ២នាក់បន្ថែមទៀតដែលកំពុងស្នាក់នៅភូមិកីឡាអូឡាំពិក (Olympic Village) ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន COVID-19 នៅថ្ងៃអង្គារ ទី២៧ម្សិលមិញ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន NHK បានឲ្យដឹងថា អត្តពលិកនោះ គឺស្ថិតក្នុងចំណោមករណីឆ្លងថ្មី COVID-19 ចំនួន ៧ករណីត្រឹមតែ ១ថ្ងៃអង្គារម្សិលមិញ។

គណៈកម្មាធិការរៀបចំ Tokyo 2020 បានប្រកាសថា អត្តពលិកដែលឆ្លងនោះ គឺមកពីបរទេស។ «អត្តពលិក ២នាក់បន្ថែមទៀតមកពីបរទេស ដែលស្នាក់នៅភូមិកីឡា ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺនេះ»

មនុស្ស ៣នាក់ផ្សេងទៀត ក្នុងនោះរួមមានសមាជិកបុគ្គលិកម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែស្នាក់នៅខាងក្រៅភូមិអូឡាំពិក បូករួមនឹងបុគ្គលិកគណៈកម្មាធិការរៀបចំម្នាក់ ក៏ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃជំងឺ COVID-19 ផងដែរ។

យោងតាម NHK ដដែលករណីឆ្លងជំងឺ COVID-19 សរុបពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Tokyo Olympics នេះ បានកើនឡើងដល់ ១៥៥ករណីហើយ គិតចាប់ពីថ្ងៃទី០១ ខែកក្កដាមក៕