(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះ ក្រៅពីអច្ឆរិយវត្ថុដែលបង្កើតឡើងដោយមនុស្ស ក៏នៅមានអច្ឆរិយភាពជាច្រើនទៀតដែលកើតឡើងដោយធម្មជាតិផងដែរ។ សក្ដានុពលនៃអច្ឆរិយធម្មជាតិទាំងនោះ សុទ្ធតែបានផ្ដល់នូវប្រយោជន៍សម្រាប់វិស័យទេសចរណ៍ ហើយក៏ជាកន្លែងសិក្សាស្រាវជ្រាវ ផ្ដល់នូវចំណេះដឹងយ៉ាងច្រើនទៀតផង។

ខាងក្រោមនេះជាឈ្មោះ ទីតាំង និងលក្ខណៈទូទៅនៃអច្ឆរិយធម្មជាតិទាំង ៧ លើពិភពលោក ៖

ទី១៖ ស្នាមធរណីប្រេះ ដឹ ហ្គ្រេនដ៍ ខេនយ៉ុន (The Grand Canyon)

ប្រសិនបើអ្នកបានទៅដល់រដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក សូមកុំរំលងការទៅទស្សនាស្នាមប្រេះប្រឹថពីនៅ The Grand Canyon នេះឱ្យសោះ។ លក្ខណៈទូទៅរបស់ទីតាំងនេះ គឺមានស្នាមប្រេះដ៏ធំសម្បើម ហើយវែងអន្លាយដាច់កន្ទុយភ្នែក ប្រៀបដូចក្រហែងផែនដី។ បរិវេណនៅជុំវិញនោះគឺពោរពេញទៅដោយពណ៌ចម្រុះប្លែកភ្នែក។ ស្នាមធរណីប្រេះនេះមានប្រវែងដល់ទៅ ៤៤៦ គីឡូម៉ែត្រ រីឯទទឹងមានប្រវែង ២៩ ម៉ែត្រ ខណៈទីដែលជ្រៅបំផុត គឺមានជម្រៅដល់ទៅ ១,៨៥៧ ម៉ែត្រឯណោះ។

បើតាមការសិក្សាស្រាវជ្រាវ ស្នាមប្រេះនេះកើតឡើងដោយសារលំហូរនៃទឹកទន្លេខូឡូរ៉ាដូ (Colorado River) ទើបបង្កឱ្យមានជ្រលងស្នាមប្រេះ បត់បែនទៅតាមកម្លាំងទឹកហូរ និងសំណឹក។ បាតុភូតធម្មជាតិនេះកើតឡើង ៦ លានឆ្នាំមកហើយ។

ទី២៖ ភ្នំអេវើរ៉េស (Everest)

Everest ត្រូវបានគេចាត់ទុកថាជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយវានៅចំទើតលើជួរភ្នំហិមាល័យ (Himalayas)។ កំពូលភ្នំអេវើរ៉េសមានកម្ពស់ ៨,៨៥០ ម៉ែត្រ បើគិតពីកម្ពស់ទឹកសមុទ្រ។

ទី៣៖ សិលាយក្ស អាយអឺស រ៉ក់ (Ayers Rock)

Ayers Rock គឺជាភ្នំថ្មពណ៌ក្រហមដ៏ធំសម្បើមមួយ ដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសអូស្ត្រាលី។ គិរីសិលាដ៏ចម្លែកមួយនេះមានកម្ពស់ ៣៤៨ ម៉ែត្រ ក្រាបលើបរិវេណប្រមាណ ៩ គីឡូម៉ែត្រ។ អ្នកស្រុកដើមនៅប្រទេសអូស្ត្រាលីហៅឈ្មោះថ្មក្រហមនេះថា Uluri (អ៊ូលូរី)។

ទី៤៖ ភ្នំម៉ាត់ថឺរហន (Matterhorn)

លាតសន្ធឹងកាត់តាមព្រំប្រទល់រវាងប្រទេសស្វីស និងប្រទេសអ៉ីតាលី ភ្នំម៉ាត់ថឺរហននេះមានកម្ពស់ ៤,៤៧៨ ម៉ែត្រ ហើយក៏ជាកំពូលភ្នំមួយដែលចំទើតលើជួរភ្នំអាល់ (Alps) ផងដែរ។ សម្រាប់អ្នកនិយមឡើងភ្នំនៅទ្វីបអឺរ៉ុប គឺសុទ្ធតែបានភ្លក្សរសជាតិនៃការឡើងទៅកាន់កំពូលភ្នំមួយនេះ។

ទី៥៖ ទឹកធ្លាក់វិចតូរៀ (Victoria Falls)

រមណីយដ្ឋានដ៏សែនមនោរម្យនេះមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលលាតសន្ធឹងតាមបណ្ដោយទន្លេសេមប៊ីស៉ី (Zambezi River) ពោលគឺនៅចន្លោះប្រទេសស៉ីមបាវ៉េ (Zimbabwe) និងប្រទេសសំប៊ី (Zambia)។ ទឹកធ្លាក់នេះត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ធំជាងគេបំផុតលើលោក ដោយសារតែប្រវែងទទឹងរបស់វាលាតសន្ធឹងដល់ទៅ ១,៧០៨ ម៉ែត្រឯណោះ ខណៈទីដែលខ្ពស់បំផុត គឺមានកម្ពស់ ១០៨ ម៉ែត្រ។

ទី៦៖ រណ្ដៅយក្ស មីតថេអូ ក្រេតថឺរ (Meteor Crater)

Meteor Crater ជារណ្ដៅអាចម៍ផ្កាយដ៏ធំមហិមាមួយនេះស្ថិតនៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ វាលទំនាបក្រហូងនេះមានអង្កត់ផ្ចិត ១,១៨៦ ម៉ែត្រ និងមានជម្រៅដល់ទៅ ១៧០ ម៉ែត្រឯណោះ។ បើតាមការបញ្ជាក់ពីអ្នកជំនាញ រណ្ដៅអាចម៍ផ្កាយនេះមានអាយុកាលប្រមាណ ៥០,០០០ ឆ្នាំមកហើយ។

ទី៧៖ ផ្កាថ្មប៉ប្រះទឹក បឺររីអឺរ រីហ្វ (The Great Barrier Reef)

ស្ថិតក្នុងលម្ហសមុទ្រកូរ៉ាល់ (Coral) នៃប្រទេសអូស្ត្រាលី The Great Barrier Ree គឺជាមណ្ឌលផ្កាថ្មប៉ប្រះទឹកសមុទ្រដ៏ធំជាងគេបំផុតនៅលើពិភពលោក។ នៅទីនោះមានផ្កាថ្មចម្រុះជិត ៣,០០០ ប្រភេទ និងមានកោះតូចធំប្រមាណ ៩០០ កោះ ដែលលាតសន្ធឹងលើផ្ទៃក្រឡា ៣៤៤,៤០០ គីឡូម៉ែត្រក្រឡា។

គួរជម្រាបថា អច្ឆរិយធម្មជាតិទាំងប្រាំពីរនេះ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូជាបន្តបន្ទាប់ ដែលត្រូវអភិរក្សការពារយ៉ាងយកចិត្តទុកដាក់ ពោលគឺមិនឱ្យមានរុករានទន្ទ្រានបំផ្លិចបំផ្លាញឡើយ៕